លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីម៉ោង ៦៖០០ព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ បន្ទាប់ពីលោក បានបង្ហោះវីដេអូអត្ថាធិប្បាយ ក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ១៩៩៧ តាមរយៈ Facebook លោក សម រង្ស៊ី។ លោក ហុង សុខហួរ បានក្លែងថា «…ភាគីទាំងនឹងធ្វើកិច្ចចរចា ដើម្បីចុះហត្ថលេខា សម្រាប់រំលាយព្រំដែនជាតិ ប្រទេសទាំងពីរ…»។
រដ្ឋាភិបាលបានបញ្ជាក់ថា តាមពិតខ្លឹមសារនៃសន្ធិសញ្ញាបំពេញបន្ថែម ស្តីពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ១៩៧៩ នេះមានន័យថា «ភាគីទាំងពីរនឹងចរចាគ្នា ដើម្បីចុះហត្ថលេខាលើសន្ធិសញ្ញាមួយ កំណត់នូវព្រំដែនរដ្ឋ រវាងប្រទេសទាំងពីរ លើមូលដ្ឋានខ្សែព្រំដែន នាពេលបច្ចុប្បន្ននេះ ហើយប្តេជ្ញាចិត្តកសាងខ្សែព្រំដែននោះ ទៅជាខ្សែព្រំដែន សន្តិភាពមិត្តភាពដ៏យូរអង្វែងរវាងប្រទេសទាំងពីរ»។
ជាមួយនឹងដែរ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥នេះ ទីស្តីការគណៈរដ្ឋមន្រ្តី បានចេញផ្សព្វផ្សាយវិដេអូមួយ ដែលមានរយៈពេលជាង២៤នាទី ដោយបង្ហាញថា «តើវិធានការផ្លូវច្បាប់ ទៅលើសមាជិកព្រឹទ្ធសភា ដែលបានប្រព្រឹត្តបទល្មើសជាក់ស្តែង បានធ្វើឡើងត្រឹមត្រូវតាមនីតិវិធីដែរ ឬទេ?»។