អគារសម្ភព និងរោគស្រ្តីនៅមន្ទីរពេទ្យបង្អែក ត្រពាំងក្រឡឹង ក្នុងស្រុកភ្នំស្រួច តម្លៃជិត១០ម៉ឺនដុល្លារ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ, សុខមាលភាពប្រជាជន ត្រូវបានលើកកម្ពស់តាំងពីទីប្រជុំជន រហូតជនបទ


(កំពង់ស្ពឺ)៖ លោកជំទាវវេជ្ជ. តាន់ វួចឆេង រដ្ឋលេខាធិការក្រសួងសុខាភិបាល ថ្លែងក្នុងឱកាសសម្ភោធដាក់ឲ្យប្រើប្រាស់អគារសម្ភព និងរោគស្រ្តីនៅមន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះថា សុខមាលភាពប្រជាជនមកម្ពុជា ត្រូវបានលើកកម្ពស់នាសម័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយផ្អែកឃើញថា តាំងទីប្រជុំជន រហូតដល់ជនបទមានមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកយ៉ាងច្រើនទូទាំងប្រទេស។

លោកជំទាវបានបន្តថា សម្តេចតែងតែយកចិត្តទុកដាក់លើកស្ទួយវិស័យសុខាភិបាល ដែលធ្វើឲ្យប្រព័ន្ធសុខាភិបាល មានការរីកចំរើនគួរឲ្យមោទនភាព ក្នុងនោះដែរ ក្រសួងបានចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍សុខាភិបាល និងខិតខំប្រឹងប្រែង ជម្រុញឲ្យតាមមន្ទីរសុខាភិបាលទាំងអស់ មានការវិវត្តន៍ប្រែប្រួលរីកចំរើនជាបន្តបន្ទាប់ ដើម្បីធ្វើឲ្យវិស័យសុខាភិបាល ឆ្លើយតបទៅនឹងគោលនយោបាយ កាត់បន្ថយភាពក្រីក្រ ដែលបច្ចុប្បន្នស្ថិតនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកជំទាវបានបញ្ជាក់ថា «អនុវត្តសម្រេចផែនការយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាល មន្ទីរសុខាភិបាលនានា ត្រូវខិតខំប្រឹងប្រែង អនុវត្ត ពង្រឹងសមត្ថភាពគ្រូពេទ្យជាចម្បង និងត្រូវប្រមែប្រមូលធនធាន សម្រាប់ធ្វើអន្តរាគមន៍ប្រកបដោយប្រសិទ្ធភាព ឲ្យកាន់ខ្ពស់បន្ថែមទៀតនៅឆ្នាំខាងមុខៗ»។

ក្នុងឱកាសនោះលោកជំទាវរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណចំពោះប្រជាជន និងរាជរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទួតប្រចាំនៅកម្ពុជា ដែលបានខិតខំជួយកសាងអគារសម្ភព និងរោគស្ត្រី ដើម្បីទុកឲ្យប្រជាជនក្នុងស្រុកភ្នំស្រួច និងអ្នកជំងឺមកពីគ្រប់ទិសទី បានមកសម្រាក និងព្យាបាលក្នុងអគារដ៏ស្រស់ស្ងាតមួយនេះ។

គួរបញ្ជាក់ផងដែរថា បើតាមរបាយការណ៍របស់ លោកវេជ្ជ. អោ វណ្ណថេន ប្រធានមន្ទីរសុខាភិបាលខេត្តបានឲ្យដឹងថា អគារនេះបានចាប់ផ្តើមកសាងពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ និង កសាងរួចរាល់នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ដែលមានរយៈពេល៨ខែ។ ចំណាយទឹកប្រាក់អស់៨២,៣៤១$ ទំហំបណ្តោយ២៥ម ទទឹង១៦ម មាន១១បន្ទប់ ក្នុងនោះមានបន្ទប់ប្រជុំ១, បន្ទប់សម្រាកគ្រូពេទ្យ២, បន្ទប់ពិនិត្យជំងឺ១,បន្ទប់សម្រាលកូន១,បន្ទប់ក្រោយសម្រាលកូន១ និងមានបន្ទប់ទឹកចំនួន៥។ ក្នុងឆ្នាំ២០១៧នេះដែរមន្ទីរសុខាភិបាលខេត្ត តាមរយៈក្រសួងសុខាភិបាល មន្ទីរសុខាភិបាល ទទួលបានមណ្ឌលសុខភាពពោធិម្រាល០១ខ្នង, ជួសជុលមណ្ឌលសុខភាពមហាឫស្សី០១ខ្នង, ជួសជួលអគារការិយាល័យសុខាភិបាលស្រុកប្រតិបត្តិគងពិសី០១ខ្នង, មានទំហំ២៥ម ទទឹង១៨ម កំពស់២ជាន់ផងដែរ៕
photo_2009-08-20_00-01-41

photo_2009-08-20_00-01-34

photo_2009-08-20_00-02-04

photo_2009-08-20_00-01-45

photo_2009-08-20_00-01-48

photo_2009-08-20_00-01-56

photo_2009-08-20_00-02-00