ស្លាកគណបក្សសង្គ្រោះជាតិ នៅទីស្នាក់ការគណៈកម្មាធិការប្រតិបត្តិ ខេត្តកំពង់ស្ពឺ ត្រូវបានទម្លាក់ចុះដោយមន្រ្តីរបស់ខ្លួន ខណៈអាជ្ញាធររុះរើស្លាក និងពាក្យស្លោក នៅទីសាធារណៈនានាក្រោយតុលាការកំពូលកាត់ទោសរំលាយបក្សចោល


(កំពង់ស្ពឺ)៖ នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ស្លាកគណបក្សសង្គ្រោះជាតិ នៅទីស្នាក់ការគណៈកម្មាធិការប្រតិបត្តិ ខេត្តកំពង់ស្ពឺ ត្រូវបានទម្លាក់ចុះហើយដោយមន្រ្តីរបស់ខ្លួន ខណៈដែលអាជ្ញាធរនិងសមត្ថកិច្ចចម្រុះ បានចាប់ផ្តើមរុះរើស្លាកសញ្ញា បដា និងពាក្យស្លោកគណបក្សនេះនៅទីសាធារណៈនានា ជាបន្តបន្ទាប់ទៀត ក្រោយពីតុលាការកំពូល កាត់ទោសរំលាយចោល។
ការទម្លាក់ និងរុះរើទម្លាក់ស្លាកនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់ទោសរំលាយគណបក្សសង្គ្រោះជាតិ ហើយក្រសួងមហាផ្ទៃ បានប្រកាសលុបឈ្មោះគណបក្សនេះ ចេញពីបញ្ជីគណបក្សនយោបាយ ព្រមទាំងបង្គាប់ឲ្យអាជ្ញាធរគ្រប់រាជធានីខេត្ត ចុះអនុវត្ដសាលដីកាទម្លាក់ស្លាក, បដា និងពាក្យស្លោកផ្សេងៗ របស់គណបក្សសង្គ្រោះជាតិទូទាំងប្រទេស។
សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូលរបស់កម្ពុជា បានប្រកាសសាលដីកាសម្រេចឲ្យរំលាយគណបក្សសង្រ្គោះជាតិ ចាប់ពីថ្ងៃចេញដីកានេះតទៅ ដោយសារតែគណបក្សនេះ បានប្រព្រឹត្តអំពើក្បត់ជាតិជាប្រព័ន្ធឃុបឃិតជាមួយបរទេស ក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។ ជាមួយគ្នានេះ តុលាការកំពូល ក៏បានប្រកាសហាមឃាត់ដល់មន្រ្តីថ្នាក់ដឹកនាំ គណបក្សសង្រ្គោះជាតិ ចំនួន១១៨នាក់ មិនឲ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ។
ក្រោយតុលាការកំពូលចេញដីកានេះ រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ឲ្យរក្សាភាពស្ងប់ស្ងៀម ហើយចូលរួមថែរក្សាសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេស ហើយរាជរដ្ឋាភិបាលកម្ពុជាក៏ប្រកាស ប្ដេជ្ញាធានាដល់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស របស់កម្ពុជាព្រមទាំងធានាដល់ការបោះឆ្នោត ដែលនឹងធ្វើឡើងជាបន្ដបន្ទាប់នៅឆ្នាំក្រោយនេះ៕
តាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មានសមាជិកគណបក្សCNRP ក្នុងខេត្តកំពង់ស្ពឺ បានផ្តាច់ខ្លួនសុំមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនជាបន្តបន្ទាប់។ ក្នុងនោះគណបក្សខេត្តបានប្រកាសបញ្ចូលជាសមាជិកបក្សបាន ចំនួន ២លើក សរុបចំនួន ២២៥ នាក់។
សម្រាប់ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ជាលើកទី២ នៅមន្ទីរគណបក្សខេត្តបានរៀបចំពិធីបញ្ចូលសមាជិកសរុបចំនួន ១៣៨ នាក់ ដែលមកពីស្រុកចំនួន ៥ រួមមាន៖ ១.ស្រុកសំរោងទង ២នាក់ (សមាជិកក្រុមប្រឹក្សាឃុំក្នុងតំណែង ១នាក់),២. ស្រុកឧដុង្គ ១៣៣ នាក់(សមាជិកក្រុមប្រឹក្សាឃុំក្នុងតំណែង ១នាក់) ៣.ស្រុកគងពិសី ១នាក់ជាសមាជិកក្រុមប្រឹក្សាឃុំក្នុងតំណែង ៤.ស្រុកបសេដ្ឋ ១ នាក់ ជាសមាជិកក្រុមប្រឹក្សាឃុំក្នុងតំណែង ៥.ស្រុកថ្ពង ១នាក់ជាសមាជិកក្រុមប្រឹក្សាឃុំក្នុងតំណែង។
fn-2017-11-18-15-43-01-0

fn-2017-11-18-15-43-01-1

fn-2017-11-18-15-43-01-2