ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ៖ ការជួសជុលទ្វារទឹកទំនប់ស្វាយ ក្នុងស្រុកគងពិសី បានប្រមាណ៨០ភាគរយហើយ ដែលអាចស្តុកទឹកជាង៧លានម៉ែត្រគូប សម្រាប់បង្កបង្កើនផល


(កំពង់ស្ពឺ)៖ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ឲ្យដឹងថា ការសាងសង់ និងចាក់បង្ហើយទ្វារទឹកទំនប់ស្វាយ ស្ថិតនៅឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលទំនប់បានបាក់ដាច់កាលពីឆ្នាំមុន បានប្រហែលជាង៨០%ហើយ ដែលទំនប់មួយនេះអាចស្តុកទឹកជាង៧លានម៉ែត្រគូប សម្រាប់បង្កបង្កើនផល។

ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញចុះមូលដ្ឋានក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ អមដំណើរដោយឯកឧត្តម ជួន វន អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកគងពិសី មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុកគងពិសី ជាច្រើនរូបទៀត។

បើតាមមន្ត្រីជំនាញដែលអមដំណើរដែរនោះ បានឲ្យដឹងថា ទំនប់ស្វាយមួយនេះ វាអាចស្តុកទឹកប្រមាណ៧លានម៉ែត្រគូប ដែលធានាដល់ការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានយ៉ាងប្រសើរ តាមតម្រូវការទឹកស្រោចស្រព។

បន្ទាប់ពីបានត្រួតពិនិត្យសំណង់នានា ឯកឧត្តម វ៉ី សំណាង ក៏បានបន្តចុះជួបនិងពលរដ្ឋក្នុងមូលដ្ឋាន ហើយបានលើកឡើងថា ថ្ងៃនេះក្រុមការងារបានមកពិនិត្យ សំណង់ស្ទាក់ទឹក និងជួបដោយផ្ទាល់ ជាមួយបងប្អូនប្រជាពលរដ្ឋតាមសន្យា និងបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលនៅសេសសល់ពីឆ្នាំកន្លងទៅ។

នៅក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា «សម័យសង្គ្រាម គេជីកកាយដីសម្រាប់សង់លេនដ្ឋាន ទុកត្រៀមប្រយុទ្ធសម្លាប់គ្នា តែសម័យសម្តេចតេជោ គេជីកដីកាយដីសម្រាប់តែការអភិវឌ្ឍន៍ កសាងទំនប់ទឹក ផ្លូវថ្នល់ រួមទាំងការអភិវឌ្ឍន៍ផ្សេងៗ ជូនពលរដ្ឋប្រើប្រាស់តែប៉ុណ្ណោះ»៕
fn-2017-07-28-17-43-26-4

fn-2017-07-28-17-43-25-2

fn-2017-07-28-17-43-25-1

fn-2017-07-28-17-43-25-0