(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧នេះ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងសំណេះសំណាលសាកសួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះរាជអំណោយ ជូនប្រជារាស្ត្រ៤៩០គ្រួសារ នៅភូមិព្រៃក្រសាំង ឃុំព្រៃក្រសាំង ស្រុកឧដុង្គ។
ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលដង្ហែព្រះរាជដំណើរដោយសម្តេចចៅហ្វា វាំង វរវៀងជ័យអធិបតីស្រឹង្គារ៍ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រមទាំងនាហ្ម៊ឺនសព្វមុខ មន្ត្រី នៃក្រសួងព្រះបរមរាជវាំង និងឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងអាជ្ញាធរដែនដីគ្រប់ ជាន់ថ្នាក់នៃខេត្តព្រៃវែងផងដែរ។
ព្រះមហាក្សត្រ បានសម្តែងនូវព្រះរាជហឫទ័យសប្បាយរីករាយ ដោយបានជួបលោកតា លោកយាយ និងប្រជារាស្ត្រជាកូន ជាចៅរបស់ ព្រះអង្គ ជាពិសេសព្រះអង្គបានទត និងជួបផ្ទាល់ជាមួយប្រជារាស្ត្រជាកសិករ ដោយមានព្រះរាជបន្ទូលពីព្រះរាជបណ្តាំ សាកសួរសុខទុក្ខពីសំណាក់សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សម្តេចម៉ែ សម្តេចយាយ សមេ្តច យាយទួតជូនប្រជារាស្ត្រជាកូន ជាចៅ ចៅទួត ចៅលួតរបស់ព្រះអង្គ ដែលព្រះអង្គតែងតែយកព្រះរាជហឫទ័យទុកដាក់ពីសុខទុក្ខ និង ការលំបាកក៏ដូចជា ជីវភាពរស់នៅរបស់ប្រជារាស្ត្ររបស់ព្រះអង្គគ្រប់ពេលវេលា។
ឯកឧត្តម វ៉ី សំណាង បានឲ្យដឹងដែរថា ប្រជាពលរដ្ឋជិត៥០០គ្រួសារ បានទទួលព្រះរាជអំណោយពីព្រះមហាក្សត្រ ប្រកបដោយទឹកមុខសប្បាយរីករាយជាទីបំផុត៕
ព្រះមហាក្សត្រ យាងសំណេះសំណាលសាកសួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះរាជអំណោយ ជូនប្រជារាស្ត្រជិត៥០០គ្រួសារ
