ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា តាមសម្លេងគាំទ្រគណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតឃុំសង្កាត់ក្នុងឆ្នាំ២០១៧នេះ យើងនឹងបន្តឈ្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០១៨ខាងមុខ។ ដូច្នេះនឹងមិនមានការប្រគល់អំណាចឱ្យគណបក្សប្រឆាំងទេ ព្រោះពួកគេនឹងបន្តចាញ់ក្នុងការបោះឆ្នោតនាពេលខាងមុខ។ នេះជាការបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ក្នុងឱកាសជួបសំណេះសំណាល និងថ្លែងអំណរគុណសមាជិកសមាជិកាគណបក្សមកពី២៧ភូមិ នៃឃុំស្វាយរំពា និងឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានថ្លែងទៅកាន់សមាជិកសមាជិកាទាំងអស់ថា៖ ក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧នេះ គណបក្សប្រជាជនកម្ពុជានៅក្នុងខេត្តកំពង់ស្ពឺបានឈ្នះគណបក្សប្រឆាំងក្នុងការបោះឆ្នោតចំនួន៧ម៉ឺនសម្លេង ហើយនៅក្នុងស្រុកបរសេដ្ឋសម្លេងគាំទ្រគណបក្សបក្សប្រជាជនកម្ពុជាក៏បានកើនឡើងឈ្នះគណបក្សប្រឆាំងដែរ។
ឯកឧត្តមទេសរដ្ឋមន្រ្តីក៏បានផ្តាំផ្ញើឱ្យសមាជិកសមាជិកគណបក្សមកពីឃុំទាំងពីរឱ្យបន្តការខំប្រឹងប្រែងដើម្បីឈានទៅសម្រេចបានជោគជ័យក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តក្នុងឆ្នាំ២០១៨។ ជាមួយគ្នានោះត្រូវ យកចិត្តទុកដាក់ក្នុងការឆ្លើយតបចំពោះការចោទប្រកាន់អគតិនានា។ ក្នុងនោះត្រូវបញ្ជាក់ជូនប្រជាពលរដ្ឋថា៖ ១-មានតែគណបក្សប្រជាជនកម្ពុជាទេដែលអាចការពារបូរណភាពទឹកដី ដោយមិនឱ្យបរទេសជិតខាងឈ្លានពានបានឡើយ ២- គណបក្សប្រជាជនបន្តការទាក់ទាញវិនិយោគិនឱ្យមកបណ្តាក់ទុន បង្កើតការងារជូនប្រជាពលរដ្ឋ និង៣-មានគណបក្សប្រជាជនកម្ពុជា យើងនឹងបន្តធានាបាននូវសន្តិសុខសុវត្ថិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍ ។