(កំពង់ស្ពឺ)៖ ថ្លែងក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត ទូទាំងខេត្តកំពង់ស្ពឺ ឯកឧត្ដម ហ៊ុន ម៉ានី តំណាងរាស្ដ្រមណ្ឌលកំពង់ស្ពឺ បានលើកឡើងថា សមិទ្ធផលទាំងអស់ដែលមានរាល់ថ្ងៃនេះ គឺជាស្នាដៃរបស់គណបក្សប្រជាជនកម្ពុជាពិតៗ គ្មានរបស់អ្នកសន្យា មួយចម្រៀកណានោះទេ ហើយគណបក្សប្រជាជនក៏មិនចេះសន្យាខ្យល់ដែរ។
ក្នុងយុទ្ធនាការដែលបានធ្វើនៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧នេះ ក៏មានការចូលរួមពីឯកឧត្ដមទេសរដ្ឋមន្ដ្រី ឆាយ ថន, ឯកឧត្ដម វ៉ី សំណាង ប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ រួមទាំងសមាជិកសមាជិការបក្សប្រជាជន យ៉ាងច្រើនកុះករ ដែលបានជួបជុំគ្នា នៅសួនច្បារសម្តេចសង្ឃ ជួន ណាត។
បន្ទាប់ពីមានការប្តេជ្ញាចិត្តរបស់សមាជិកបក្សមកពី ក្រុង-ស្រុកទាំង៨ទូទាំងខេត្តរួចមក ឯកឧត្ដម ហ៊ុន ម៉ានី បានថ្លែងថា ក្នុងនាមលោកជា តំណាងរាស្រ្ត ខេត្តកំពង់ស្ពឺ សព្វថ្ងៃនេះខេត្តកំពង់ស្ពឺមាន សាលាខ្នាតធំៗដូចជា៖ សកលវិទ្យាល័យ មហាវិទ្យាល័យ បណ្ណាល័យ ចំពោះវិស័យកីឡា និងមានតារាងបាល់ទាត់លំដាប់ជាតិ និងកសាងឲ្យក្លាយជាខេត្តមួយលេចធ្លោកុំឲ្យមហាជនមួយចំនួនតែងហៅថា (ខេត្តប៊ុងប៊ឺ) ដោយសារការដឹកនាំ ដ៏ល្អរបស់គណបក្សប្រជាជនកម្ពុជា។
លោកតំណាងរាស្ត្រ បានលើកឡើងទៀតថា ចំពោះវិស័យកាត់ដេររាជរដ្ឋាភិបាល បានគៀងគរបន្ថែមឲ្យមកវិនិយោគក្នុងខេត្តនេះ ឲ្យក្លាយតំបន់ឧស្សាហកម្មកាត់ដេរ បម្រើឲ្យបងប្អូនមានការងារធ្វើមានប្រាក់ចំណូលខ្ពស់ និងមានជីវភាពធូរធាសំបូរសប្បាយផងដែរ។
ឯកឧត្ដម ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា «បើបងប្អូនធ្វើដំណើរសូមក្រឡេកមើលសងខាងផ្លូវទាំងអស់ តើរាជរដ្ឋាភិបាលដែលដឹកនាំដោយ គណបក្សប្រជាជនបានកសាងអ្វីខ្លះ? មើលហើយមើលទៀតមើលដោយភាពយុត្តិធម៌ សួរថា តើបក្សដែលសន្យានោះបានកសាង អ្វីបានមួយចម្រៀកទេ ?នៅតាមមូលដ្ឋានរបស់យើង»។
ជាមួយគ្នានោះ សមាជិកគណបក្សប្រជាជនកម្ពុជាទូទាំងខេត្ត ប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំការអភិវឌ្ឍន៍ ឃុំ-សង្កាត់ ឲ្យបន្តរីកចម្រើន ធ្វើឲ្យជីវភាពប្រជាពលរដ្ឋ កាន់តែធូធារ បន្តពង្រឹងសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបាន កាន់តែល្អប្រសើរ ហើយការអភិវឌ្ឍន៍ឃុំ-សង្កាត់ តាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា៕