កំពង់ស្ពឺ៖ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ នេះ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ អមដោយប្រតិភូ ក្រសួង សាធារណការ ប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម អភិបាលខេត្តកំពង់ស្ពឺ បានចូលរួមបើកសម្ពោធបើកការដ្ឋានសាងសង់ផ្លូវខេត្តលេខ 1KS1 ដែលមានប្រវែង៣៣,៤ គម តភ្ជាប់ពីផ្លូវជាតិលេខ៤៤ ត្រង់ថ្នល់ទទឹង ឃុំប្រាំបីមុម ស្រុកថ្ពង មក ទល់នឹងទំនប់ចាន់ថ្នាល ឃុំក្រាំងចេក ស្រុកឧដុង្គ។ តាមរបាយការណ៍របស់លោក ងួន វាសនាអភិបាលស្រុកឧដុង្គបានបញ្ជាក់ថា ផ្លូវនេះជាផ្លូវចាស់បូរាណ មានការលំបាកខ្លាំងក្នុងការធ្វើដំណើរ ពិសេសរដូវវស្សា ហើយត្រូវស្ថាបនាដោយក្រុមវិស្វកម្មរបស់ក្រសួងការពារជាតិ តាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូន។ ផ្លួវនេះក៏ត្រូវសាងសង់ជាផ្លូវកៅស៊ូដែរ ដែលដំណាក់កាលទី១ អ៊ុតកៅស៊ូ BBST ចម្ងាយ ៣,៤គម សិន ហើយជំហ៊ានក្រោយនឹងចាក់កៅស៊ូជាបន្តបន្ទាប់ទៀត។
នេះគឺជាសក្ខីភាពថ្មីមួយទៀតដែលឆ្លុះបញ្ចាំងអោយឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។ជាក់ស្តែងផ្លូវនេះ និងផ្តល់នូវភាពងាយស្រួល ជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរកាត់បន្ថយការចំណាយ និងបង្កើនប្រសិទ្ធភាពនៃការដឹកជញ្ជូនកសិផលរបស់បងប្អូនប្រជាពលរដ្ឋរបស់យើងនៅក្នុងឃុំ និងស្រុក។ ជាការពិតណាស់ប្រព័ន្ធផ្លូវថ្នល់ គឺជាហេដ្ឋារចនាសម្ព័ន្ធដ៏ចាំបាច់សម្រាប់ជម្រុញកំណើនសេដ្ឋកិច្ច ការវិនិយោគ និងការអភិវឌ្ឍន៏លើគ្រប់វិស័យ។ ជាពិសេសរាល់សមិទ្ធផលទាំងអស់នេះមិនមែនកើតឡើងដោយឯងនោះទេ គឺសុទ្ធតែកើតឡើងពីការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ ទោះតិចក្តីច្រើនក្តី និងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណៈបក្សប្រជាជនកម្ពុជា ដែលជានិច្ចជាកាលតែងតែប្រកាន់ជំហរយ៉ាងរឹងមាំក្នុងការថែរក្សា ការពាររាល់សមិទ្ធផលនៃសង្គមជាតិ ពិសេស សន្តិភាព និងស្ថេរភាពនយោបាយ ដែលមានតម្លៃយ៉ាងធំធេងមិនអាចកាត់ថ្លៃបាន និងជាលក្ខណ្ឌដ៏ចាំបាច់បំផុតសម្រាប់ការអភិវឌ្ឍន៏ប្រទេសជាតិនៅគ្រប់ដំណាក់កាល។