ឯកឧត្តម ហែម ខន អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ ចុះពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋនៅស្រុកឧដុង្គ


ថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០១៥ ឯកឧត្តម ហែម ខន អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ បានធ្វើដំណើរចុះពិនិត្យស្ថានភាពអណ្តូងទឹកមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានផ្តល់ជូនប្រជាពលរដ្ឋនូវឃុំព្រៃក្រសាំង ស្រុកឧដុង្គ តាមរយៈឯកឧត្តម កាលពីឆ្នាំ២០០៦។ ជាលទ្ធផលនៃការចុះពិនិត្យនេះឃើញថាមានអណ្តូងមួយចំនួនអាចប្រើប្រាស់បានធម្មតា ហើយក៏មានអណ្តូងខ្លះទៀតដែលខូច  ដូចនេះឯកឧត្តមបានសន្យារកអ្នកបច្ចេកទេសមកធ្វើការជួសជុលឡើងវិញអោយបានឆាប់បំផុត ដើម្បីអោយប្រជាពលរដ្ឋបានប្រើប្រាស់ទាន់ពេលវេលា។ បន្ទាប់ពីបានពិនិត្យមើលស្ថានភាពអណ្តូងទឹកនៅឃុំព្រៃក្រសាំង រួចហើយ ឯកឧត្តមក៏បានឆ្លៀតឱកាសបន្តជួបសំណេះសំណាល សួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋដែលមកពិនិត្យជម្ងឺនៅមណ្ឌលសុខភាពព្រៃជម្ពូរមានអង្គ ហើយក៏បានផ្តល់ជូនបងប្អូននៅទីនោះចំនួន ១១ នាក់ ក្នុងម្នាក់ៗសារ៉ុង១ ថវិកា៥ពាន់រៀល ជូនបុគ្គលិកពេទ្យក្នុងមណ្ឌលចំនួន ៦ នាក់ ក្នុងម្នាក់ទទួលបានក្រម៉ា១ និងថវិកា១ម៉ឺន រៀល ជូនក្រុមប្រឹក្សាឃុំ និងប្រជាការពារភូមិ ៤ នាក់ ក្នុងម្នាក់បានថវិកា ១ម៉ឺនរៀល។ ជាចុងក្រោយក៏បន្តទៅពិនិត្យ និងសាកសួរសុខទុក្ខគ្រួសារពលរដ្ឋដែលរងគ្រោះមហន្តរាយខ្យល់កន្រ្តាក់ បណ្តាលឲ្យរបើកដំបូលផ្ទះ និងខូចខាតទ្រព្យសម្បត្តិមួយចំនួនទៀត។ ឯកឧត្តមបានជំរុញឲ្យអជ្ញាធរមូលដ្ឋានពន្លឿនបូកសរុបការខូចខាត និងចំនួនគ្រួសាររងគ្រោះដើម្បីរាយការណ៍ជូនសាខាកាកបាទក្រហមស្រុក ខេត្តធ្វើការដោះស្រាយជាបន្ទាន់ ។ ពេលនោះដែរ ឯកឧត្តមបានចូលរួមជាថវិកាជូនគ្រួសាររងគ្រោះ២គ្រួសារ ក្នុង១គ្រួសារថវិកា ១០ម៉ឺនរៀល ដើម្បីគ្រាន់ការដោះស្រាយចំពោះមុខ។

FB_IMG_1462591536568 FB_IMG_1462591340736 FB_IMG_1462591353027