កម្ពុជា​ត្រូវ​បាន​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ចាត់​ទុក​ថា ជា​ប្រទេស​គំរូ​មួយ​ដែល​បាន គ្រប់គ្រង​បំណុល​សាធារណៈ​របស់​ខ្លួន អោយនៅកំរិតទាប


ភ្នំពេញ​៖ ប្រទេស​កម្ពុជា មិនមែន​ស្ថិត​ក្នុង​ស្ថាន​ភាព​បំណុល​វ័ណ្ឌ​ក​នោះ​ទេ បើ​ប្រៀប​ធៀប​នឹង​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ដូច​ជា​អាមេរិក និង​បារាំង​ ព្រោះ​បច្ចុប្បន្ន​បើ​គិត​ពី​បំណុល​ក្នុង​មនុស្ស សម្រាប់​ប្រទេស​កម្ពុជា​យើង គឺ​មាន​ប្រមាណ​តែ ៣៨០ដុល្លារ​អាម៉េរិក​ប៉ុណ្ណោះ ​ខណៈ​​អាម៉េរិក​មាន​រហូត​ទៅ​ដល់​ជាង ៥​​ម៉ឺន​ដុល្លារ​អាម៉េរិក​ក្នុង​ម្នាក់ បារាំង​ជាង​៨​ម៉ឺន​ដុល្លារក្នុង​ម្នាក់ ហើយ​និង​អូស្រ្តាលី​ក៏​ជាង៥​ម៉ឺន​ដុល្លារ​អាម៉េរិក​ផង​ដែរ។
និយាយ​ជា​រួម​នៅ​ក្នុង​តំបន់​ គឺ​មាន​តែ​កម្ពុជា​ទេ​ដែល​មាន​ទំហំ​បំណុល​តិច​ជាង​គេបើ​គិត​ពី​អនុបាត បំណុល​ធៀប​នឹង​ចំណូល​ថវិកា​ជាតិ គឺ​មាន​ប្រមាណ​តែ ៤​ភាគរយ នៃ ផ.ស.ស ប៉ុណ្ណោះ។ នេះ​បើ​យោង​តាម​​ប្រសាសន៍​របស់​ឯកឧត្ដម វង្សី វិស្សុត រដ្ឋមន្ត្រី​ស្តី​ទី​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​ក្នុង​វេទិកា​សាធារណៈ​ស្តី​ពី​ស្ថានភាព និង​ការ​គ្រប់គ្រង​មីក្រូសេដ្ឋកិច្ច និង​ថវិកា​​សម្រាប់​ឆ្នាំ​២០១៦ នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ ​​
យោង​តាម AKPឯកឧត្តម​​បាន​លើក​ឡើង​ទៀត​ថា កម្ពុជា​ត្រូវ​បាន​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ចាត់​ទុក​ថា ជា​ប្រទេស​គំរូ​មួយ​ដែល​បាន គ្រប់គ្រង​បំណុល​សាធារណៈ​របស់​ខ្លួន​បាន​យ៉ាង​ល្អ ហើយ​យើង​ទទួល​បាន​នូវ​អញ្ជើញ​ជា​បន្ត បន្ទាប់​ទៅ​ចែក​រំលែក​បទ​ពិសោធន៍​អំពី​ការ​គ្រប់​គ្រង​បំណុល​នេះ។
ជាក់​ស្តែង កម្ពុជា​ដែល​ជា ប្រទេស​មួយ​មាន​ហានិភ័យ​បំណុល​​កម្រិត​ខ្ពស់​បំផុត​នៅ​ដើម​ទសវត្សរ៍ ទី​៩០ ឥឡូវ​នេះ​បាន ក្លាយ​ជា​ប្រទេស​មួយ​ដែល​ហានិភ័យ​បំណុល​កម្រិតទាប​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ អត្រា​អនុបាត​បំណុល​ធៀប​នឹង ផ.ស.ស នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​៩០ ដែល​មាន​រហូត​ទៅ​ដល់ ប្រមាណ​៩០​ភាគរយ ត្រូវ​បាន​ធ្លាក់​ចុះ​មក​ត្រឹម​ប្រមាណ ៣០​ភាគរយ​នៅ​ក្នុង​ឆ្នាំ​២០១៥​ហើយ​បើ​គិត​តាម តម្លៃ​បច្ចុប្បន្ន​មាន​ប្រមាណ​តែ​២៣​ភាគ​រយ​ប៉ុណ្ណោះ ធៀប​នឹង​អនុបាត​គោល​៤០​ភាគរយ។
ជា​រួម​យើង​មាន​គោលការណ៍​ក្នុង​ការ​គ្រប់គ្រង​បំណុល​ច្បាស់​លាស់ ពិសេស​ការ​អនុវត្ត ជាប់​ជា​ប្រចាំ​នូវ​គោលការណ៍​គន្លឹះ​ចំនួន ០៤​យ៉ាង គឺ ១-​ត្រូវ​ខ្ចី​ឥណទាន​ក្នុង​ទំហំ​សម​ស្រប ដែល​ស្ថានភាព​ថវិកា និង​សេដ្ឋកិច្ច​អាច​ទ្រាំទ្រ​បាន, ២-ត្រូវ​ខ្ចី​តែ​ឥណទាន​ដែល​មាន​កម្រិត សម្បទាន និង​លក្ខខណ្ឌ​អនុគ្រោះ​ខ្ពស់, ៣-ត្រូវ​ខ្ចី​សម្រាប់​តែ​វិស័យ​អាទិភាព​ដែល​ទ្រទ្រង់​ចីរភាព​កំណើន និង​បង្កើន​ផលិតភាព​សេដ្ឋកិច្ច និង​៤-ត្រូវ​ប្រើប្រាស់​ឥណទាន​ទាំង​នោះ ប្រកប​ដោយ​តម្លាភាព, គណនេយ្យភាព​, ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិភាព​ខ្ពស់​បំផុត។ យើង​បាន​អនុវត្តនូវ​គោល​ការណ៍​ទាំង០៤​នេះ តាំង​ពី​មុនការ​រៀបចំ​យុទ្ធសាស្ត្រ​គ្រប់​គ្រង​បំណុល​សាធារណៈ​មក​ម្ល៉េះ។
រដ្ឋមន្រ្តី​ស្តីទី​រូប​នេះ​​បាន​សង្កត់​ធ្ងន់​​ថា ប្រទេស​ដែល​ឯករាជ្យ​ខាង​ថវិកា មិន​មែន​បាន ន័យ​ថា​ប្រទេស​នោះ​ត្រូវ​ឈប់​ខ្ចី​បុល​គេ​នោះ​ទេ ប៉ុន្តែ​មាន​ន័យ​ថា ប្រទេស​នោះ​មាន​លទ្ធភាព ក្នុង​ការ​ខ្ចី និង​សង​បំណុល​គេ​វិញ ហើយ​យក​កម្ចី​ទាំង​នោះ​ទៅ​វិនិយោគ​បម្រើ​ឱ្យ​ការ​អភិវឌ្ឍ​ប្រទេស។ កម្ចី​ពី​ប្រទេស​ចិន គឺ​មាន​លក្ខណៈ​ឆ្លើយ តប​ទៅ​នឹង​ស្ថានភាព និង​តម្រូវការ​ជាក់​ស្តែង​របស់​កម្ពុជា ជា​ពិសេស​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ពន្ធ​ទ្រទ្រង់​ដល់​កំណើន​សេដ្ឋកិច្ច៕
252525
ប្រភពពី: khmer-press