នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ នេះ ទឹកដីខេត្តកំពង់ស្ពឺ បានទទួលនូវសម្មិទ្ធិផលថ្មីបន្ថែមទៀត ដោយ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ូ សំអួន អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ បានរៀបចំពិធីក្រុងពាលី កសាងវិមានឯករាជ្យសម្រាប់ខេត្តមួយនេះ។ អ្វីដែលប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ទន្ទឹងរង់ចាំក្រោយ ពីមានការផ្សព្វផ្សាយពី រដ្ឋបាល ខេត្តកំពង់ស្ពឺ ស្តីពី ការកសាង វិមានឯករាជ្យនេះ ពេលនេះគឺចាប់ផ្តើមបុកគ្រឹះកសាងហើយ។ ក្រោយកសាងរួចរាល់ជាស្ថាពរ ខេត្តកំពង់ស្ពឺយើងនឹងបង្កើននូវសោភ័ណ្ឌ ភាពស្រស់ស្អាត នឹងការទាក់ទាញអារម្មណ៍ពីប្រជាពលរដ្ឋ និងសម្រាប់ជាការលំហែចិត្ត កាយ ក្រោយសម្រាកពីការ ប្រកបរបរចិញ្ចឹមជីវិត។ នៅខែសីហាឆ្នាំ២០១៦ វិមានឯករាជ្យខេត្តកំពង់ស្ពឺ នឹងលេចជា រូបរាងឡើង! តាមប្រសាសន៍របស់ឯកឧត្តម អ៊ូ សំអួន អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាប់ថា វិមានឯករាជ្យថ្មីនេះ នឹងអាចសម្ពោធដាក់ឱ្យដំណើរការនៅក្នុង
អំឡុងខែ សីហា (ខែ៨) ឆ្នាំ២០១៦ គឺរយៈពេលសាងសង់ត្រឹមតែ ៨ខែប៉ុណ្ណោះ ដោយអាចនឹងសាងសង់ទាំងយប់ ទាំងថ្ងៃផងដែរ។ សម្រាប់ការនាគបាញ់ទឹកពីស្ទឹងព្រែកត្នោត គ្រោងនឹងសាកល្បងបាញ់ នៅថ្ងៃទី ២៨ ខែធ្នូឆ្នាំ២០១៥ នេះហើយ ដោយមានកម្ពស់បាញ់រហូតដល់ ១៥ ទៅ២០ ម៉ែត្រ អមដោយភ្លើងចំរុះពណ៌ នឹងបាញ់ទឹកផ្លូវការនៅថ្ងៃបុណ្យឆ្លងសាកល ចំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥។