ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ សមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងជាសមាជិក គណៈប្រតិភូសភាកម្ពុជា ដែលបានអញ្ជើញចូលរួមមហាសន្និបាតលើកទី១៣៣ របស់សហភាពអន្តរសភាIPU ដែលប្រព្រឹត្តធ្វើនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានមានប្រសាសន៍ថា គណៈប្រតិភូសភានៃព្រះរាជាណាចក្រកម្ពុជាបានចូលរូមយ៉ាងសកម្មនៅក្នុងមហាសន្និបាតនេះ ដោយបានអញ្ជើញចូលរួមកិច្ចប្រជុំ ជាច្រើន ដែលIPU រៀបចំ។ ក្នុងនោះគណៈប្រតិភូសភាកម្ពុជា បានធ្វើបទអន្តរាគមន៍ ផ្លាស់ប្តូរយោបល់ ពិភាក្សា ដែលបង្ហាញឲ្យពិភពលោកបានឃើញកាន់តែច្បាស់ ពីការចូលរួមចំណែក របស់សភាកម្ពុជា ក្នុងការស្វែងរកសុខសន្តិភាពជូនពិភពលោកទំាងមូល។
សូមបញ្ជាក់ថា គណៈប្រតិភូសភាកម្ពុជាដឹកនាំដោយ ឯកឧត្តម យ៉ង់ សែម អនុប្រធានគណៈកម្មការគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភានៃព្រឹទ្ធសភា បានអញ្ជើញទៅចូលរួមមហាសន្និបាតលើកទី១៣៣ របស់សហភាពអន្តរសភាIPU ដែលប្រព្រឹត្តធ្វើនៅទីក្រុង ហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ ហើយនៅព្រឹកថ្ងៃទី២៣ ខែតុលានេះ គណៈប្រតិភូសភាកម្ពុជា បាននិវត្តន៍ត្រឡប់មកដល់ប្រទេសវិញ ដោយសុវត្ថិភាព និងជោគជ័យ។
នៅក្នុងសន្និសីទសារព័ត៌មាន ឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ឲ្យដឹងថា មហាសន្និបាតលើកទី១៣៣ របស់សហភាពអន្តរសភា IPU រយៈពេល០៥ថៃ្ងមកនេះ បានប្រារព្ធពិធីបើក កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៥ ក្រោមអធិបតីភាព ឯកឧត្តម Saber CHOWDHURY ប្រធានសហភាពអន្តរសភា មានសមាជិកសភាចូលរួមចំនួនជាង៦៧០រូប។ ក្នុងនោះមានប្រធានសភា និងអនុប្រធានសភាចំនួន៩៤រូប មកពី១៣៥ប្រទេស។
ឯកឧត្តមមានប្រសាសន៍ឲ្យដឹងទៀតថា ចំពោះគណៈប្រតិភូសភាកម្ពុជា ដែលបានអញ្ជើញចូលរួមមហាសន្និបាតនេះ បានចូលរូមកិច្ចប្រជុំជាច្រើន ដែលមហាសន្និបាតរៀបចំឡើង មានដូចជា កិច្ចប្រជុំអាស៊ានបូកបី, កិច្ចប្រជុំក្រុមអាស៊ី-ប៉ាស៊ីហ្វិក, មហាសន្និបាតលើកទី១៣៣របស់សហភាពអន្តរសភា, កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី១៩, កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ទី១: សន្តិភាព និងសន្តិសុខអន្តរជាតិ, កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ទី២: ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម, កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ទី៣:លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស, កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ទី៤៖ កិច្ចការអង្គការសហប្រជាជាតិ, កិច្ចប្រជុំគណៈកម្មាធិការសមាជិកសភាជាស្រ្តីលើកទី២២, កិច្ចប្រជុំវេទិកាសមាជិកសភាវ័យក្មេងរបស់សហភាពអន្តរសភា, កិច្ចប្រជុំសមាគមអគ្គលេខាធិការសភា(ASGP) និងកិច្ចប្រជុំសភាតំបន់អាស៊ី(APA) ជាដើម។
តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ថា មហាសន្និបាត បានបញ្ចប់ទៅប្រកបដោយផ្លែផ្កាជាច្រើន ជាពិសេសការពង្រឹងតួនាទីសមាជិកសភាក្នុងការអនុវត្តគោលការណ៍នៃច្បាប់មនុស្សធម៌អន្តរជាតិ និងអនុសញ្ញាអន្តរជាតិស្តីពីការការពារជនភៀសខ្លួនតាម រយៈការដាក់វិធានការណ៍បន្ទាន់ដើម្បីឆ្លើយតបនឹងការព្រួយបារម្ភរបស់ពិភពលោកទាំងមូល អំពីបញ្ហាជនភៀសខ្លួន។