ដើម្បីស្វែងយល់អំពីស្ថានភាពខុសៗគ្នា នៅតាមទីតាំង និងមូលដ្ឋានការងាររបស់ពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ ឯកឧត្តម ហ៊ុន ម៉ានី អមដំណើរដោយលោកជំទាវ បាន ស្រីមុំ តំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា និងក្រុមការងារ នៅថ្ងៃទី១៧-១៨ ខែកញ្ញា ឆ្នាំ២០១៥ កន្លងទៅនេះ ក្នុងឱកាសដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រថៃ បានជួបសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនពលករខ្មែរ ដែលកំពុងធ្វើការនៅក្នុងព្រះរាជាណាចក្រថៃ ខណៈពេលចំរដូវប្រមូលផលផ្លែឈើ នៅតាមចំការ និងរោងចក្រកសិឧស្សាហកម្មកែច្នៃផ្សេងៗ ប្រមាណជាង២០០០នាក់ ដែលបានប្រព្រឹត្តទៅក្នុង បរិយាកាសសប្បាយរីករាយ និងស្និទ្ធិស្នាល ក្នុងស្មារតីជាក្រុមគ្រួសារខ្មែរតែមួយ។ ។ ជាមួយគ្នានោះឯកឧត្តម និងក្រុមការងារ ក៏បានពិភាក្សាការងារ និងផ្តាំផ្ញើការយកចិត្តទុកដាក់ចំពោះពលករទាំងអស់ ពីសំណាក់អាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាពីសំណាក់ម្ចាស់សហគ្រាសនៅប្រទេសថៃផងដែរ។ តំណាងក្រុមហ៊ុនបានមានមតិ ថ្លែងអំណរគុណដល់ឯកឧត្តមហ៊ុន ម៉ានី និងប្រតិភូទាំងអស់ ជាពិសេសសម្តេចតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់លើពលករ ពលការិនី ដែលកំពុងបំរើការងារនៅបណ្តាប្រទេសមួយចំនួន រួមទាំងនៅប្រទេសថៃ ដោយបានផ្តល់លទ្ធភាព និងរៀបចំសម្របសម្រួលទៅបន្តបន្ទាប់ឱ្យបងប្អូនពលករកម្ពុជាអាចបម្រើការងារនៅតាមបណ្តាក្រុមហ៊ុនមួយចំនួននៅក្រៅប្រទេសកន្លងមកនេះ ។ ទាំងនេះគឺបានស្តែងចេញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងព្រះរាជាណាចក្រកម្ពុជា និងបណ្តាប្រទេសទាំងនោះ។
ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ ពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលកន្លងមកសម្តេចតែងតែគិតគូរ ពីជីវភាព និងការរស់នៅរបស់បងប្អូនពលករ ពលការិនីកម្ពុជា គ្រប់ៗគ្នាដែលកំពុងបម្រើការងារនៅតាមបណ្តាប្រទេសមួយចំនួន។ ឯកឧត្តមបន្តថា ទោះនេះជាលើកទីមួយហើយដែលឯកឧត្តម និងប្រតិភូទាំងអស់បានមកជួបសំណេះសំណាលជាមួយបងប្អូនដល់ទីនេះ តែក៏មិនមែនជាលើចុងក្រោយដែរ ពោលគឺការសាសួរសុខទុក្ខ និងដឹងទុក្ខធុរៈ និងស្ថានភាពរស់នៅរបស់បងប្អូនពលករ ពលការិនីកម្ពុជានឹងមានជាបន្តបន្ទាប់ទៀតពីគ្រប់អាជ្ញាធរពាក់ព័ន្ធ រួមទាំងស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសថៃផងដែរ។
ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ទោះបីប្រជាពលរដ្ឋខ្មែររស់នៅតំបន់ណា ប្រកបមុខរបរការងារ និងមាននិន្នាការយ៉ាងណាក៏ដោយ ក៏យើងមានឈាមជ័រខ្មែរតែមួយ សូមឲ្យបងប្អូនពលករខ្មែរយើងនៅគ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង ត្រូវចេះជួយយកអាសារគ្នា និងត្រូវចេះជួយគ្នាទៅវិញទៅមក ដូចជាបងប្អូន។ ឯកឧត្តមបានបន្ថែមទៀតថា អ្វីៗក្នុងជីវិតមនុស្សមិន អាចមានជោគជ័យរហូតនោះទេ តែមនុស្សត្រូវចេះរៀនសូត្រពីភាពបរាជ័យនោះមកវិញ ដើម្បីត្រៀមខ្លួនទៅកាន់ភាពជោគជ័យ។ ឯកឧត្តម ហ៊ុន ម៉ានី និងគណៈប្រតិភូ ក៏បានផ្តាំផ្ញើឲ្យពលករខ្មែរទាំងអស់ខិតខំប្រឹងប្រែងបំពេញការងារ ព្រមទាំងឆ្លៀតក្រេបយកចំណេះដឹងល្អៗពីការងារក្រៅប្រទេសទាំងនេះ រួមទាំងភាសារបស់គេផងដែរ ដើម្បីជាទុនប្រយោជន៍ សម្រាប់អាជីពការងាររបស់ខ្លួនទៅថ្ងៃមុខ ជាមួយនឹងការសំណូមពរឲ្យពលករត្រូវគោរពច្បាប់ទម្លាប់របស់ក្រុមហ៊ុន ហើយបងប្អូនទាំងអស់ត្រូវជៀសអោយផុតពីអំពើអបាយមុខផ្សេងៗ ដូចជាការចែកចាយ និងប្រើប្រាស់គ្រឿងញៀន ការវាយតប់គ្នាជាដើម គឺធ្វើយ៉ាងណាត្រូវខិតខំបំពេញការងារអោយបានល្អ រក្សាបានភាពថ្លៃថ្លូរ ប្រពៃណីជាតិយើងអោយបានប្រសើរ។ ឯកឧត្តមបន្តទៀតថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នបាននឹងកំពុងធ្វើអោយប្រទេសកម្ពុជាមានការអភិវឌ្ឍន៍ឥតឈប់ឈរទៅមុខបន្តបន្ទាប់ ដែលនេះបញ្ជាក់អោយឃើញថា រាជរដ្ឋាភិបាលកម្ពុជាខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការបំពេញកាតព្វកិច្ចបំរើជាតិមាតុភូមិយើង។ ជាក់ស្តែងក្នុងវិស័យការងារក្រៅប្រទេសនេះ មានការចុះអនុសារណៈយោគយល់គ្នាលើវិស័យការងារ ដើម្បីបង្កើនឱកាសការងារជូនប្រជាពលរដ្ឋកម្ពុជា តាមរយៈក្រសួងការងារ ក្រសួងការបរទេស និងស្ថាប័នពាក់ព័ន្ឋមួយចំនួនទៀតរបស់កម្ពុជា ដែលស្ថាប័នទាំងនេះមានតួនាទីសំខាន់ក្នុងការបង្កើត ឱកាសការងារ និងទទួលខុសត្រូវ ដោះស្រាយលើបញ្ហាប្រឈមក៏ដូចជាទុក្ខលំបាករបស់បងប្អូនពលករ ពលការិនីកម្ពុជា ដែលរស់នៅនិងបំរើការងារនៅបរទេស។ ទន្ទឹមនេះ ឯកឧត្តមបានរំលឹកផងដែរថា ពលករ ពលការិនីយើងដែលមកបំរើការងារនៅក្រៅប្រទេសនេះ ត្រូវយកបទពិសោធន៍ និងក្រេបជញ្ជក់ចំណេះដឹងក្នុងការបំពេញការងារនៅស្រុកគេទៅបំរើការងារនៅប្រទេសយើងវិញ ហើយយកចំណេះដឹង និង បទពិសោធន៍ទាំងនេះទៅចែករំលែក និងបង្កើនអាជីពការងារផ្ទាល់ខ្លួននៅក្នុងប្រទេសវិញ ដែលដូចជាការរួមចំណែកយ៉ាងសំខាន់មួយ ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស។ ឯកឧត្តមបានមានមតិផ្តាំផ្ញើដល់បងប្អូនពលករ ពលការិនីទាំងអស់ត្រូវបំពេញបែបបទលិខិតស្នាម និងអាជ្ញាប័ណ្ណស្របច្បាប់ ដើម្បីងាយស្រួលក្នុងការស្នាក់នៅប្រកបការងារ ហើយជៀសវាងមានការប្រឈមនឹងសមត្ថកិច្ច។ ជាចុងបញ្ចប់ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានអំពាវនាវឲ្យសហគ្រិន និងវិនិយោគិនថៃ ឲ្យពិចារណា និងមកដាក់ទុនវិនិយោគនៅកម្ពុជា ដែលកំពុងមានលក្ខណៈអំណោយផល និងទាក់ទាញរាល់វិនិយោគផ្ទាល់ពីក្រៅប្រទេស៕