(កំពង់ស្ពឺ)៖ ក្នុងឱកាសដែលសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ដែលត្រូវបានសមាជិកព្រឹទ្ធសភា បោះឆ្នោតឲ្យបន្ដតំណែងជាប្រធានព្រឹទ្ធសភា នីតិកាលទី៤, ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ ព្រមទាំងមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្ត សូមគោរពជូនពរ និងអបអរសាទរ សម្ដេចប្រធានព្រឹទ្ធសភា សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំ មាំមួន ប្រាជ្ញាឈ្លាសវៃភ្លឺថ្លា ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី ដើម្បីបន្តដឹកនាំស្ថាប័នព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឲ្យទទួលបាននូវសមិទ្ធផលជូនជាតិមាតុភូមិកាន់តែធំធេងថែមទៀត។
ជាថ្មីនៃឱកាសដ៏នក្ខត្តឫក្សនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពបួងសួងដល់ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក ជាពិសេស ទេវតាឆ្នាំថ្មី ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ព្រះនាម មហោទរាទេវី សូមប្រសិទ្ធពរបវរមហាប្រសើរជូន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ និង លោកជំទាវ ព្រមទាំងបុត្រា-បុត្រី និងចៅៗ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបថា សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបន្តជាប់ជាប្រធានព្រឹទ្ធសភា សម្រាប់អាណត្តិទី៤ បន្តទៀត ដែលការបោះឆ្នោតនេះ បានធ្វើឡើង នៅក្នុងសម័យប្រជុំលើកដំបូង នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៕