នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ជ្រៃហូរព្នៅ នៃស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ អញ្ជើញជាគណៈអធិបតីក្នុងពិធីនេះដែរ មានឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ឯកឧត្តម William Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា តំណាងក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកាកូឡា) និងតំណាងអង្គការ Planet Water និងវត្តមានលោកអភិបាលស្រុក លោកនាយកវិទ្យាល័យ លោកគ្រូ អ្នកគ្រូ មន្រ្តីរាជការ សិស្សានុសិស្សច្រើននាក់។ ប៉មចម្រោះទឹកស្អាត ដែលត្រូវបានដាក់ឱ្យប្រើប្រាស់នៅក្នុងថ្ងៃនេះ គឺជាការឧបត្ថម្ភរបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកាកូឡា) ដែលប្រើប្រាស់ថវិកា ១៥ ០០០ ដុល្លាសហរដ្ឋអាមេរិក។ នេះគឺជាគម្រោងប៉មទឹកស្អាតទី២ របស់ខេត្តកំពង់ស្ពឺ បន្ទាប់ពី ប៉មទឹកទីមួយត្រូវបានសម្ពោធកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ នៅស្រុកភ្នំស្រួច។ ឯកឧត្តមហ៊ុន ម៉ានីបានធ្វើការថ្លែងអំណរគុណចំពោះក្រុមហ៊ុន ភេសជ្ជៈកម្ពុជា ដែលជានិច្ចជាកាលតែងចូលរួមឧបត្ថម្ភគាំទ្រដល់សកម្មភាពសង្គម និងមនុស្សធម៌នានាដែលរៀបចំដោយ ស.ស.យ.ក.។ នេះឆ្លុះបញ្ចាំងពីការចូលរួមចំណែកមិនអាចខ្វះបានរបស់វិស័យឯកជន ជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ឯកឧត្តមក៏បានធ្វើការគូសបញ្ជាក់ផងដែរថា “វត្តមានរបស់ក្រុមហ៊ុនភេសជ្ជះកម្ពុជា (កូកាកូឡា)នៅកម្ពុជា បានបញ្ជាក់ពីភាពជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល លើស្ថានភាពសេដ្ឋកិច្ច និងទីផ្សារ មានស្ថេរភាពនយោបាយ សុខសន្តិភាពគ្រប់គ្រាន់សម្រាប់បោះទុនវិនិយោគ។ តាមរយៈសកម្មភាពទាំងនេះ សរបញ្ជាក់ថាសហរដ្ឋអាមេរិកគឺជាដៃគូដ៏ល្អសម្រាប់ព្រះរាជាណាចក្រកម្ពុជា។ ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺបានពាំនាំនូវគម្រោងថ្មីៗបន្ថែមទៀត ជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សមានដូចជា ការសាងសង់សួនច្បារខាងក្រោយ និងសាលមហោស្រពក្នុងបណ្ណាល័យកំពង់ស្ពឺ, គម្រោងពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ស្ពឺ និងការចាប់ផ្តើមវគ្គបំប៉នថ្នាក់ទី១២ ដែលនឹងត្រូវចាប់ផ្តើមនៅសប្តាហ៍ទីមួយនៃខែឧសភាតទៅផងដែរ។