(កំពង់ស្ពឺ)៖ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨នេះ បានជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជាង៧ពាន់នាក់ និងពិសាបាយសាមគ្គី ដើម្បីអបអរសាទទិវានារី អន្ដរជាតិ៨មីនា ដែលត្រូវបានធ្វើឡើងក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ»។
ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា រាជរដ្ឋាភិបាលតែងកៀគរវិស័យឯកជន តាមបណ្តាប្រទេសនានា ដើម្បីវិនិយោគវិស័យកាត់ដេរសម្លៀកបំពាក់ ផ្តល់ការងារជូនបងប្អូនកម្មករ-កម្មការិនី ក្នុងនោះបង្កើតរោងចក្រថ្មីៗបន្ថែម។
ឯកឧត្តមបន្ថែមថា នៅប៉ុន្មានថ្ងៃមុខនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញទៅចូលរួមប្រជុំនៅប្រទេសអូស្ត្រាលី ឆ្លៀតក្នុងឱកាសនោះ សម្តេចនាយករដ្ឋមន្ត្រី និងជួបអ្នកវិនិយោគវិស័យឯកជន ដើម្បីកៀគរឲ្យមកវិនិយោគនៅកម្ពុជា បន្ថែមការងារជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសបង្កើនកំណើនការងារ និងការបន្ថយអត្រាអត់ការងារ ជូនពលរដ្ឋជារៀងរាល់ឆ្នាំ។
ជាមួយគ្នានោះ ឯកឧត្តម វ៉ី សំណាង បានគូសបញ្ជាក់ថា ស្រ្តីគឺជាឆ្អឹងខ្នងយ៉ាងរឹងមាំរបស់ប្រទេស ស្ត្រីធ្វើការ៨ម៉ោងដូចបុរស និងមានប្រាក់ខែស្មើគ្នានឹងបុរស ស្ត្រីគឺជាមាតាដៃមួយពាន់ ដែលបុរសមិនអាចខ្វះបាន ដូច្នេះត្រូវរួមគ្នាលើកតម្លៃស្រ្តី និងគោរពស្រ្តីឲ្យដូចជាយាយ ម្តាយ បងស្រី ប្អូនស្រី របស់យើងគ្រប់ៗគ្នា។
ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងបន្តថា ក្រោមការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា ស្រ្តីក៏ដូចជាពលរដ្ឋគ្រប់រូបមានការងារធ្វើ ទទួលប្រាក់ខែខ្ពស់ ជាពិសេសនារីបច្ចុប្បន្ន មានការធ្វើទទួលបានការយកចិត្តទុកដាក់ ពីសំណាក់រាជរដ្ឋាភិបាល ទាំងកិច្ចការងារ សុខមាលភាព និងកិច្ចការដែលទាក់ទង និងស្រ្តីតាមមូលដ្ឋាន៕