កំពង់ស្ពឺ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីលានមណ្ឌលកីឡាខេត្ត សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី ប៉ាស៊ីហ្វីកចំពោះការឆ្លើយតបមេរោគអេដស៍ ជម្ងឺអេដស៍ នៅកម្ពុជា និងជាប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក និងផ្ដល់អំណោយមនុស្សធម៌ ជាស្បៀង និងសម្ភារៈ របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋ គ្រួសារអ្នកផ្ទុកមេរោគអេដស៍ កុមារកំព្រា ជនពិកា និងចាស់ជរាគ្មានទីពឹង ចំនួន១.២៨៨គ្រួសារ មកពី ៧ស្រុក ១ក្រុង ក្នុងខេត្តកំពង់ស្ពឺ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ៣០ គ.ក្រ មុង១ ភួយ១ សារុង១ ក្រណាត់ស១ ត្រីខ១យួរ និងថវិកាចំនួន១ម៉ឺនរៀលផងដែរ ។
ជានិច្ចកាល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរពីសុខទុក្ខ ផ្តល់ក្តីមេត្តា ករុណា ប្រកបដោយសេចក្តីល្អ បរិសុទ្ធ អាណិត ស្រឡាញ់ សណ្តោសប្រណី និងផ្តល់ក្តីសង្ឃឹម ចំពោះជនរងគ្រោះ និងងាយរងគ្រោះគ្រប់ៗគ្នាជាពិសេស ចាស់ជរាឥតទីពឹង ជនពិការ ស្ត្រីមេម៉ាយ ជនទីទ័លក្រ កុមារកំព្រា កុមារពិការខ្សោយសតិបញ្ញា អ្នករស់នៅជាមួយមេរោគអេដស៍។ល។ ដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ព័ណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ៕