នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មេបញ្ជាការយោធភូមិភាគទី៣ មេបញ្ជាការកងពលតូច កងពលធំ តំបន់ប្រតិបត្តិការសឹងរង ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត ពន្ធនាគារខេត្ត មន្ទីរ អង្គភាព គណៈអភិបាលក្រុង ស្រុក មន្រ្តីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ស្ពឺ បានរៀបចំខួបអនុស្សាវរីយ៍លើកទី៦៤ នៃបុណ្យឯករាជ្យជាតិ និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ នៅវិមានឯករាជ្យខេត្តកំពង់ស្ពឺ ។
ក្នុងការរំលឹកនូវខួបអនុស្សាវរីយ៍លើកទី៦៤ ថ្ងៃទិវាឯករាជ្យជាតិ ០៩ វិច្ឆិកា និងកងយោធពលខេមរភូមិន្ទ និងជាការរំលឹកនូវស្នាព្រះហស្ន ព្រះរាជបូជនីយកិច្ចរបស់សម្ដេចនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលទ្រង់បានលះបង់ ព្រះកាយពល ព្រះបញាញាណយ៉ាងខ្លាំងក្លាតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ចក្នុងការទាមទារឯករាជ្យនៅកម្ពុជាឲ្យបានរួចចាកផុតពីនឹមត្រួតត្រារបស់អាណានិគមបារាំង និងបានប្រកាសឯករាជ្យជាតិនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ នៃព្រះវីរភាពដ៏អង់អាចក្លាហាននេះគឺជាព្រះរាជគំរូដ៏ល្អដល់កូនចៅជំនាន់ក្រោយក្នុងការកសាង ការពារបូរណភាពទឹកដី ។
ផ្ដើមចេញពីគំរូព្រះវីរភាពនេះរាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិទាំងមូលមានកិច្ចអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ និងបានលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។
ក្នុងពិធីនោះដែរនៅតាមបណ្ដាផែនក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ទីរ អង្គភាព គណៈអភិបាលក្រុង ស្រុក មន្រ្តីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ស្ពឺ បានអញ្ជើញដាក់នូវកម្រងផ្កា បូជាទៀនធូប គោរពព្រះដួងវិញាណក្ខន្ឋថ្វាយជូនព្រះករុណព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងវិញាញក្ឋន្ឋវីរភាពបុព្វបុរស កម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិមាតុភូមិ ក្នុងការសង្គ្រោះជាតិ និងប្រជាជាតិឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងអ្នកស្នេហាជាតិគ្រប់ជំនាន់ដែលបានពលីជីវិតក្នុងបុព្វហេតុរំដោះជាតិកសាងការពារជាតិមាតុភូមិ ដើម្បីសុខសាន្តដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ ៕