កំពង់ស្ពឺ ៖ ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ ព្រមទាំងឥស្សរៈជនសំខាន់ៗយ៉ាងច្រើនកុះករ សរុបប្រមាណ ៤០០ នាក់ និងចែកចេញជា៣៦ផែន បានរៀបចំធ្វើពិធីបង្សុកូលដើម្បីឧទ្ទិសកុលស ជូនដួងវិញ្ញាណក្ខ័ន្ទ សពសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម នៅព្រឹកថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៥ នេះ ស្ថិតក្នុងស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត ។
សូមរំលឹកថា សម្តេចអគ្គមហាពោធិសាលជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភា និងជាថ្នាក់ដឹកនាំស្ថាបនិកដ៏ឆ្នើម នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានទទួលមរណភាព កាលពីថ្ងៃច័ន្ទ ៧រោច ខែជេស្ឋ ឆ្នាំមមែ សប្តស័ក ព.ស. ២៥៥៩ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥ វេលាម៉ោង ១៥ និង ៤៥ នាទី ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធ ។
មរណភាពរបស់សម្តេច គឺជាការបាត់បង់មួយដ៏ធំធេងរបស់ប្រជាជាតិកម្ពុជាទាំងមូល។ ក្នុងឋានៈជាថ្នាក់ដឹកនាំដ៏ឆ្នើមម្នាក់របស់កម្ពុជា ខ្សែជីវិតប្រកបដោយវីរភាព និង ការលះបង់របស់សម្តេច គឺជាមោទនភាព របស់ប្រជាជនកម្ពុជាទាំងមូល និងជាគំរូដ៏ឧត្តមមួយចំពោះមនុស្សជំនាន់ក្រោយ។
យើងខ្ញុំទាំងអស់គ្នា សូមលើកដៃបួងសួង សូមវិញ្ញាណក្ខន្ធរបស់សម្តេចមហាអគ្គធម្មពោធិសាល កិត្តិព្រឹទ្ធបណ្ឌិត ជា ស៊ីម បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។