បសេដ្ឋ៖ លោកពូ ឆាយ មុត សម្រក់ទឹកភ្នែកថ្លែងអំណរគុណឯកឧត្តម ហ៊ុន ម៉ានី ដែលបានផ្តល់ជីវិតថ្មីដល់លោកពូម្តងទៀត


លោកពូ ឆាយ មុត អាយុ ៦២ឆ្នាំ ជាអតីតទាហានសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា និងក្រោយមកបានជាន់មីននាសម័យសង្គ្រាមឆ្នាំ១៩៧៩ លោកពូបានលាឈប់ ហើយមកធ្វើជាកសិករនៅភូមិរកាកោង ឃុំកាត់ភ្លុក ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺរហូតដល់បច្ចុប្បន្ន ។ នៅក្នុងជីវភាពមិនសូវធូរធារ លោកពូដែលបានជាប់កំទេចមីននៅកែងដៃ ស៊ូទ្រាំលំបាកមិនហ៊ានទៅវះកាត់ ណាមួយដោយកំទេចមីននោះនៅជិតនឹងប្រព័ន្ធសរសៃប្រាសាទ និងសរសៃឈាមដែលពិបាកធ្វើការវះកាត់ផង ដូច្នេះហើយលោកពូត្រូវរស់នៅជាមួយអំបែងគ្រាប់មីននេះរយៈពេលជិត៤០ឆ្នាំ ដោយពេលគ្រាប់រើម្តងៗ លោកពូត្រូវចុកដៃ ឈឺក្បាល វិលមុខស្ទើរទ្រាំមិនបាន ហើយត្រូវដឹកសម្រាក និងមិនអាចធ្វើអ្វីបាន ។ ថ្ងៃមួយសំណាងលោកពូបានចូលមកដល់ គឺនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ ពេលដែលឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានចាត់បញ្ជូនសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាទៅដល់វត្តគិរីសោភណ្ឌ ហៅក្រាញ់ស ស្ថិតក្នុងភូមិត្រពាំងពើក ឃុំកាត់ភ្លុក ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលដឹកនាំដោយឯកឧត្តម ហេង សុខគង់ ប្រធានសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមគ្រូពេទ្យជំនាញៗចំនួន៣១០នាក់ ។ នៅក្នុងឱកាសនោះ លោកពូបានសម្រេចចិត្តយ៉ាងមុតមាំនឹងទៅឱ្យក្រុមគ្រូពេទ្យយើងពិនិត្យមើល និងក្រោយពីបានពិនិត្យតាមរយៈអេកូសាស្ត្ររួចមកបញ្ជាក់ថា អំបែងមីននេះអាចវះយកបាន ក្រុមជំនាញផ្នែកវះកាត់យើង ដែលដឹកនាំដោយផ្ទាល់ដោយលោកវេជ្ជបណ្ឌិត ឌុក គុណសេនា លោកវេជ្ជបណ្ឌិត ម៉ាន់ រិទ្ធី និងសហការី ដែលសុទ្ធតែជាវេជ្ជបណ្ឌិតឆ្នើមៗបញ្ចប់ការសិក្សាផ្នែកវះកាត់មកពីប្រទេសបារាំង និងបម្រើការនៅផ្នែកវះកាត់នៃមន្ទីរពេទ្យកាល់ម៉ែត្របានចាប់ផ្តើមចាក់ថ្នាំស្ពឹក និងធ្វើការវះកាត់ជូនលោកពូឆាយ មុត ប្រកបដោយភាពជោគជ័យ ។ ៥ថ្ងៃក្រោយមក គឺនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ ក្រុមគ្រូពេទ្យយើងដឹកនាំដោយលោកវេជ្ជបណ្ឌិត ហាស់សំអឿន និងលោកវេជ្ជបណ្ឌិត កែវ វណ្ណា និងសហការីបានទៅចុះសួរសុខទុក្ខ និងតាមដានជំងឺលោកពូដល់ផ្ទះ បានសង្កេតឃើញថា ស្នាមវះរបស់លោកពូបានចាប់ផ្តើមជាសះស្បើយបណ្តើរៗហើយ ហើយលោកពូក៏មិនមានអាការៈឈឺចុកដៃ វិលមុខ ឬឈឺក្បាលដូចមុនទៀតដែរ ។ ពេលជួបមុខក្រុមពេទ្យយើងលោកពូសម្រក់ទឹកភ្នែក និងបានលើកដៃសម្បូងសម្រូងថ្លែងអំណរគុណជាពន្លឹកដល់ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ព្រមទាំងក្រុមគ្រូពេទ្យទាំងអស់នៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាដែលបានផ្តល់ជីវិតថ្មីដល់លោកពូ ។
18557133_1799997553662347_7744653921697449669_n

18581836_1799997540329015_2137841245849505498_n

18581727_1799997510329018_8199156118107520452_n

18555843_1799997486995687_1045670492512603741_n