សន្និសីទ​កាសែតស្តីពី​ការ​ស៊ើប​អង្កេត​ស្នាម​មេដៃ​ក្នុង​ញត្តិ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ថ្វាយ​ព្រះ​មហាក្សត្រ​


13902079_10209134578034334_966952416_o

ក្រសួង​មហា​ផ្ទៃ នៅ​ថ្ងៃ​សុក្រទី០៦ សីហា ឆ្នាំ២០១៦ ​នេះ បាន​បង្ហាញ​ពី​លទ្ធផល​បឋម​នៃ​ភាព​ប្រក្រតី​ លើ​ញត្តិ​របស់​បក្ស​សង្រ្គោះ​ជាតិ បន្ទាប់​ពី​ធ្វើ​កោសល្យ​វិច័យ​ស្នាមមេដៃ បាន​ជិត​ពាក់​កណ្តាល​នៃ​ញត្តិ​សរុប។ លោក ​ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ​បាន​បញ្ជាក់​ពី ភាព​ខុស​ឆ្គង​ទៅ​លើ តួលេខ និង​អត្តសញ្ញាណ​របស់​បុគ្គល ដែល​បាន​ផ្តិត​មេដៃ​លើ​ញត្តិ ដែល​បាន​ថ្វាយ​មហា​ក្សត្រ កាល​ពី​ថ្ងៃ ៣០ ឧសភា។ លោក​បាន​ថ្លែង​ថា ដោយ​ផ្អែក​លើ​លទ្ធផល​របស់ គណៈកម្មការ​កោសល្យវិច័យ​ស្នាម​មេដៃ​ ក្នុង​ចំណោម​ញត្តិ ១៨​ដុំ និង​មេដៃ​ពលរដ្ឋ​ជាង ១៧ម៉ឺន (១៧៣១៤៥)​នាក់ អះអាង​ដោយ​បក្ស​សង្គ្រោះ​ជាតិ មក​ពី ២៥​រាជ​ធានី​ខេត្ត ក្រោយ​ត្រួត​ពិនិត្យ​មាន​ឈ្មោះ​សរុប​លើ​ញត្តិ ត្រឹម​តែ​ជិត ១៧ម៉ឺន ១៦.៩.៦០៣ នាក់​ហើយ មកពី ​២១ រាជធានី​ខេត្ត គ្មាន​ឡើយ​ស្នាម​មេដៃ​ក្នុង​ខេត្ត​ពោធិ៍សាត់ កោះកុង ក្រចេះ និង​ឧត្តរមានជ័យ។ ​

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ បាន​បន្ថែម​ថា គិតត្រឹម​​ ឈ្មោះ​បុគ្គល​លើ​ញត្តិ ៨ម៉ឺន (៨០៥០២) ​នាក់ ការ​ផ្ទៀងផ្ទាត់​ទូទៅ​រក​ឃើញ​ថា ញត្តិ​មាន​ឈ្មោះ មាន​ស្នាម​មេដៃ តែ​អត់​អាស័យដ្ឋាន​សោះ មាន​ជាង ២ម៉ឺន​៦ពាន់ (២.៦៩៥៣)នាក់​ ញត្តិ​ខ្លះ​មាន​ឈ្មោះ​គ្មាន​ស្នាម​មេដៃ ឬ​មាន​ស្នាម​មេដៃ​តែ​អត់​ឈ្មោះ​ ឬ​មាន​អាស័យដ្ឋាន​ត្រឹម ក្រុង ស្រុក ខណ្ឌ។ លោក ខៀវ សុភ័គ បាន​បញ្ជាក់​ថា ភាព​មិន​ប្រក្រតី ដែល​ធំ​ជាង​គេ គឺ​មាន​ស្នាម​មេដៃ ៧៣៨ ផ្តិត​ច្រើន​ដង​លើ​ឈ្មោះ​អ្នក​ដទៃ ខណៈ​ស្នាម​មេដៃ​ខ្លះ​ផ្តិត ៨៨ដង ស្នាម​មេដៃ​បុគ្គល​ខ្លះ ផ្តិត​ម្រាម​ទាំង ៧ម្រាម លើ​ញត្តិ​ផ្សេង​គ្នា​ និង​បុគ្គល ស្លាប់ ៧៧នាក់ ក៏​មាន​ស្នាម​មេដៃ​នៅ​លើ​ញត្តិ​ថ្វាយ​ព្រះ​មហាក្សត្រ​ដែរ។

លោក ​ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បង្ហើប​អោយ​ដឹង​ថា ក្រសួង​កំពុង​រង់ចាំ​គោលការណ៍​បន្ត​ពី​រដ្ឋាភិបាល ដើម្បី​មាន​វិធានការណ៍​លើ​លទ្ធផល​មិន​ប្រក្រតី​ទាំង​នេះ។

លោក​នាយក​ឧត្តម​សេនីយ៍ កង សុខន អគ្គស្នងការ​រង​នគរបាល​ជាតិ បាន​បន្ថែម​ថា នេះ​ជា​លទ្ធផល ដែល​គណៈកម្មការ​កោសលវិច្ឆ័យ បាន​រាយការណ៍​មក​ក្រសួង​មហាផ្ទៃ។ បច្ចុប្បន្ន​ក្រសួង​មហាផ្ទៃ បាន​បង្គាប់​អោយ អគ្គស្នង​ការដ្ឋាន​នគរបាល ស៊ើប​អង្កេត​លើ​លទ្ធផល​នេះ​បន្ត។ ទាំង​ក្រសួង​មហាផ្ទៃ និង​អគ្គស្នងការដ្ឋាន​នគរបាល​ មិន​ទាន់​អាច​បញ្ជាក់​បាន​នៅ​ឡើយ​ទេ កាល​បរិច្ឆេទ​ចុង​ក្រោយ នៃ​លទ្ធផល​ត្រួត​ពិនិត្យ​ស្នាមមេដៃ​លើ​ញត្តិ​ទាំង​អស់។