ព្រឹកថ្ងៃទី១៥ ខែមិថុនា នេះ ឯកឧត្តម សុខ ភា អភិបាលរងខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំមួយជាមួយជំនាញពាក់ព័ន្ធ ពិភាក្សាលើដំណើរការកែលម្អផ្លូវជាតិលេខ៤ ចម្ងាយ ៦គីឡូម៉ែត្រ គិតចាប់ពីភូមិរលាំងសង្កែ ដល់ភូមិកណ្តោលដុំ។ កិច្ចប្រជុំនេះផ្តោតសំខាន់ ទី១ ការរៀបចំប្លង់មេនៃគម្រោងពុះទ្រូងផ្លូវជាតិលេខ៤។ ទី២ ការរៀបចំប្លង់មេ និងទីតាំងនៃសំណង់ស្ពានសម្រាប់ដើរឆ្លងផ្លូវជាតិលេខ៤ (skywalk-២កន្លែង)។ ទី៣ ការដាំដើមឈើ ដើមផ្កា ភ្លើងស្តុប ស្លាកសញ្ញា ការក្រាលការ៉ូឡា ប្រព័ន្ធលូ សួនច្បារក្នុងកំណាត់ផ្លូវ៦គីឡូម៉ែត្រនេះ។ កិច្ចប្រជុំបានដំណើរការរយៈពេល០១ម៉ោងដោយសម្រេច៖ ១-ស្នើសុំមន្ទីរសាធារណការខេត្ត រៀបចំប្លង់លម្អិតនៃគម្រោងពុះទ្រូងផ្លូវកែលម្អផ្លូវជាតិលេខ៤ ត្រង់ចំណុចរៀបរាប់ខាងលើ។
២-ស្នើសុំមន្ទីរបរិស្ថានខេត្ត សិក្សាពីបច្ចេកទេសដាំរុក្ខជាតិលម្អតាមដងផ្លូវ ដោយត្រូវបណ្តុះកូនឈើរុក្ខជាតិយកផ្កាចំនួន៦ប្រភេទផ្សេងៗគ្នា។
៣-ស្នើសុំមន្ទីរដែនដីសិក្សាពីបញ្ហាប្រឈមនានា ពិសេសបញ្ហាសាងសង់ និងសំណង់ផេ្សងៗជាមួយប្រជាពលរដ្ឋ។
៤-ឯកភាពលើការបង្កើតគណៈកម្មការមួយសម្រាប់សម្របសម្រួលគម្រោងកែលម្អផ្លូវជាតិលេខ៤នេះ។
៥-ឯកភាពកំណត់យកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ជាថ្ងៃប្រជុំត្រួតពិនិត្យ និងកំណត់យកឯកសារផ្សេងៗដូចជាប្លង់មេ និងផែនការបន្ត។
សូមបញ្ជាក់ថារាល់លទ្ធផលនៃកិច្ចពិភាក្សា នឹងប្រែប្រួលតាមការសម្រេចរបស់គណៈអភិបាលខេត្ត ហើយក្រុមការងារផ្សព្វផ្សាយព័ត៌មានខេត្ត និងបន្តជម្រាបជូនជាបន្តបន្ទាប់។