អភិបាលខេត្តកំពង់ស្ពឺ ផ្តល់អនុសាសន៍ល្អៗដល់មន្ត្រីអាវុធហត្ថទាំងអស់ លើកិច្ចការពង្រឹងបញ្ហាសន្តិសុខ និងការពារសណ្តាប់ធ្នាប់


(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ លោក វីុ សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធបិទវគ្គហ្វឹកហ្វឺន នាយទាហាន នាយទាហានរងក្នុងអង្គភាព កងរាជអាវុធហត្ថប្រចាំឆមាសទី១ ដែលមានរយៈពេល១៥ ថ្ងៃ និងមានសក្ខាកាមចំនួន ៣០នាក់ ព្រមទាំងមានការចូលរួមពី លោកវរសេនីយ៍ឯក ចាន់ ដា មេបញ្ជាការស្តីទី កងរាជអាវុធហត្ថខេត្តតំណាងលោកមេបញ្ជាការ ជូ សារុន រួមនិងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផងដែរ។

លោក វីុ សំណាង បានបញ្ជាក់ថា «យើងជាកងរាជអាវុធហត្ថសំខាន់ មិនស្លៀកពាក់លំអរ ការពារតែទីក្រុងទេ យើងរៀនសូត្រដើម្បីចំណេះ ដឹងសម្រាប់ខ្លួនយើង ជាពិសេសកងកម្លាំងត្រូវការដាច់ខាតគឺចំណេះដឹង ពីព្រោះពេលនេះប្រទេសជាតិមានសន្តិភាព១០០%ហើយ»។

អភិបាលខេត្តបានលើកឡើងទៀតថា កងរាជអាវុធហត្ថ​ មិនមែនចេះតែយុទ្ធវិធីយោធាមួយមុខទេ ដោយសារតែកងរាជអាវុធហត្ថជាយោធាច្បាប់ផង និងយោធាច្បាំងនិងសត្រូវផង ជាពិសេសត្រូវការសិក្សាអំពីច្បាប់។

ចុងបញ្ចប់នៃការបិទវគ្គរៀននេះ​ លោកអភិបាលខេត្ត បានចែកអាវភ្លៀងជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់កងរាជអាវុធហត្ថក្រុង ស្រុក ក្នុងខេត្តផងដែរ៕

(ប្រភពពី FreshNews)