កិច្ច​ប្រជុំ​ពេញ​អង្គគណៈ​រដ្ឋមន្រ្តី បាន​អនុម័ត​ទៅលើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី «សមាគម និងអង្គការ​មិនមែនរដ្ឋាភិបាល»


ដូច​ការ​គ្រោងទុក នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែមិថុនា ឆ្នាំ២០១៥នេះ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បាន​ប្រព្រឹត្ត​ឡើង​ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជាណា​ចក្រកម្ពុជា បានអនុម័ត​ទៅលើសេចក្តីព្រាងច្បាប់ស្តីពី «សមាគម និងអង្គការមិន​មែន​រដ្ឋាភិបាល» ។ សេចក្តី​​ព្រាង​​ច្បាប់​​នេះ មាន០៩ជំពូក និង៤១មាត្រា ក៏ប៉ុន្តែ០២មាត្រា ត្រូវបាន​លុប​ចោល​នៅសល់​តែ ០៩ជំពូកដដែល និង៣៩មាត្រ​តែ​ប៉ុណ្ណោះ ក្នុងនោះ​ក៏​មាន​ការ​កែសម្រួល​ពាក្យពេជន៍​មួយចំនួន​ផងដែរ ហើយ​សេចក្ដីព្រាង​​ច្បាប់​នេះ នឹង​​បញ្ជូន​​ទៅរដ្ឋ​សភា​​ដើម្បីអនុម័ត នា​សប្តាហ៍​ក្រោយនេះ។
ទិសដៅ និងគោលបំណង​នៃសេចក្ដី​ព្រាងច្បាប់​ស្ដីពី «សមាគម និងអង្គការមិនមែនរដ្ឋាភិបាល» អនុលោម​​តាម​រដ្ឋ​ធម្ម​នុញ្ញ នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា ត្រង់​មាត្រា ៤២ បាន​បញ្ញត្តិ​ថា ប្រជា​ពល​រដ្ឋខ្មែរ គ្រប់​រូប​មាន​សិទ្ធ​ក្នុងការ​បង្កើត​សមាគម និង​គណបក្ស​នយោ​បាយ ហើយ​សិទ្ធនេះ​ត្រូវកំណត់​ដោយ​ច្បាប់ និងមាត្រា២០ នៃ​សេច​ក្ដី​ប្រកាស​ជា​សកល​ស្ដីពីសិទ្ធិ​មនុស្ស ព្រម​ទាំងមាត្រា២២ នៃកតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធប្រជាពលរដ្ឋ និងសិទ្ធនយោបាយ បាន​​ធានា​​ដល់​សិទ្ធរួប​រួម​គ្នា​ជា​សមាគម​​របស់ប្រជាពលរដ្ឋនៃរដ្ឋហត្ថលេខី ដែល​តម្រូវ​ឲ្យ​មាន​ច្បាប់​មួយ​ជា​ចាំបាច់ សំដៅ​ផ្តល់​សិទ្ធ​ក្នុង​ការ​បង្កើតសមាគម និងសម្រាប់ការពារ ការអនុវត្តសិទ្ធនេះ កុំឲ្យ​មាន​ការ​រំលោភ​បំពាន​ណាមួយ។
រាជរដ្ឋា​ភិបាលបានទទួលស្គាល់ពីសារៈសំខាន់​នៃការចូលរួមរបស់អង្គការសង្គមស៊ីវិល ដោយ​ចាត់​ទុក​ជា​ដៃ​គូ​មួយ​ដ៏មាន​សក្ដា​នុពល និង​ប្រសិទ្ធ​ភាពក្នុង​កិច្ច​ដំណើរ​ការ​ស្ដារ និង​អភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម និងលើក​ស្ទួយ​គាំពារ​​គោល​ការណ៍​ប្រជា​ធិប​តេយ្យនូវ​ការ​គោរព​សិទ្ធ​មនុស្ស។ ជាក់​​ស្ដែង​​ចាប់​​តាំង​ពីឆ្នាំ១៩៩៣ រហូតមក​ដល់​បច្ចុប្បន្ន សមាគម និងអង្គការ​​មិន​មែន​រដ្ឋា​ភិបាល​ដែលបាន និង​កំពុង​ធ្វើ សកម្មភាព​នៅក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា មានចំនួន​សរុប​ប្រមាណ ៥.០០០ ក្នុងនោះ​​រួមមាន​ទាំ​សមាគម និង អង្គការ​​មិនមែន​​រដ្ឋា​ភិបាល​ក្នុងស្រុក​ដែល​បានចុះ​បញ្ជី​នៅ​ក្រសួង​មហា​ផ្ទៃ និងទីស្ដីការកណៈរដ្ឋមន្រ្តី និង អង្គការមិនមែនរដ្ឋាភិបាលបរទេស ដែលបាន​ចុះ​អនុស្សរ​ណៈ​​​នៅក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ។
អង្គការអន្តរជាតិដែលទទួលបានចុះអនុស្សរណៈ ជាមួយក្រសួងកិច្ចការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ មានចំនួន៤៤១អង្គការ ។ ការចុះបញ្ជី និង​ការ​ចុះ​អនុស្សរណៈ​កន្លង​មក​នេះ ពុំមែនជាការចុះបញ្ជីដើម្បីផ្តល់ឋានៈ​ជា​នីតិ​បុគ្គល ដល់សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលនោះទេ គឺគ្រាន់តែជាការតម្កល់ទុកសំណុំឯកសារ និង​ទទួល​​ស្គាល់​ការ​ធ្វើ​សកម្មភាពរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងនោះតែប៉ុណ្ណោះ។
សេចក្ដី​ព្រាងច្បាប់នេះ មានគោលបំណងធានាការពារសិទ្ធសេរីភាព ក្នុងការបង្កើតសមាគម និង អង្គការ​មិនមែន​រដ្ឋាភិបាល នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បី​ការពារ​ផល​​ប្រយោជន៍ស្រប​ច្បាប់​របស់ខ្លួន និង​ការ​ពា​រ​ផល​ប្រយោជន៍​សាធារណៈ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាង សមាគម ឬអង្គការ​មិនមែន​រដ្ឋា​ភិបាល ជា​មួយ​អាជ្ញា​ធរ​សាធា​រណៈ និង​​មាន​​គោល​ដៅកំណត់បែបបទទទួល ស្គាល់​តាម​ផ្លូវ​ច្បាប់​ដល់​សមាគម និង​​អង្គការ​​​​មិន​មែន​​រដ្ឋាភិបាល។ ជា​​ច្រើន​​លើក​​ច្រើនសារ ព្រម​​​ទាំង​​​បាន​ដាក់​ជូនសិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ចំនួន​២​លើក ដោយ​មាន​ការចូល​រួមយោបល់ពី​តំណាង​សមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងអង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ តំណាងស្ថានទូត រដ្ឋទូត តំណាងសមាគមន៍អឺរ៉ុប តំណាង​ការិយា​ល័យ​ឧត្តម​ស្នងការ សហ​ប្រជាជាតិ​ទទួល​​បន្ទុក​សិទ្ធ​មនុស្ស​ប្រចាំ​កម្ពុជា និង​​តំណាង​​មកពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ។

cpp05062015 (1) cpp05062015 (3)

ប្រភពពីទស្សនាវដ្តីប្រជាជនកម្ពុជា