ភាពសប្បាយរីករាយរបស់ប្រជាពលរដ្ឋ នៅជាប់ព្រំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តតាកែវបានលេចចេញជារូបរាងហើយ នោះគឺការសាង សង់សំណង់ស្ទាក់ទឹក អន្លង់ពាម ស្ថិតនៅក្នុងភូមិត្រពាំងទទឹម ឃុំពោធិ៍ចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ តាមរយៈលោក លី ស៊ុយ ដែលជាសប្បុរសជននៃសំណង់នេះផង និងជាអ្នកទទួលមើលការខុសត្រូវនៅកន្លែងនោះផង បានជម្រាបឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៊ិន សារ៉េត ទីប្រឹក្សារដ្ឋសភាជាតិថា ការដ្ឋាននេះ បានចាប់ផ្តើមសកម្មភាពសាងសង់របស់ខ្លួននៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ ហើយក្រុមការងាររបស់លោកកំពុងពិនិត្យលទ្ធភាពនិងគុណភាពបន្ថែមទៀត ដោយធ្វើយ៉ាងណាឱ្យសំណង់នេះ ក្លាយជាសមិទ្ធផលជាប្រវត្តិតសាស្ត្រសម្រាប់ប្រជាពលរដ្ឋនៅតំបន់នោះ។ ក្នុងការចុះត្រួតពិនិត្យនេះដែរ ឯកឧត្តម យឹម សុខុម ប្រធាន ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ បានទទួលយកសំណូមពរបន្ថែមរបស់ប្រជាពលរដ្ឋ ដោយស្នើសុំសាងសង់ស្ពានថ្មីមួយខ្សែ ដែលធំជាងមុន ឆ្លងកាត់ស្ទឹងអន្លង់ពាមនេះ ហើយក៏ជាស្ពានភ្ជាប់ភូមិត្រពាំងទទឹម ឃុំពោធិ៍ចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ជាមួយភូមិសុក្រម ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវផងដែរ។ ប្រជាពលរដ្ឋដែលបានមកចូលរួមក្នុងឱកាសនោះដែរ បានសំដែងភាពរីករាយ និងដឹងគុណចំពោះសមិទ្ធផលជាប្រវត្តិសាស្ត្រនេះ។ សូមបញ្ជាក់ថាសំណង់ស្ទាក់ទឹក នេះ គឺជាការផ្តួចផ្តើមគំនិតរបស់ឯកឧត្តម អ៊ូ សំអួន អតីតអភិបាលខេត្តកំពង់ស្ពឺ ដែលកាលនោះលោកបានទទួលយកសំណូមពររបស់ប្រជាពលរដ្ឋ ខណៈលោកបានចូលរួមក្នុងពិធីចែកពូជស្រូវនៅទីនោះ។