កំពង់ស្ពឺ៖ ដោយមើលឃើញពីការលំបាករបស់ បុរសទុរគតជនម្នាក់ឈ្មោះ សាន់ វេង អាយុ ៥៨ ឆ្នាំ រស់នៅភូមិកាប់ទូក ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ដែល ត្រូវបានប្រពន្ធ កូន និងសាច់ញាតិបោះបង់ចោល តាមរយៈការបង្ហោះក្នុងបណ្តាញសង្គមដោយអ្នកលេងហ្វេសបុកក្នុងខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យលោកមេឃុំ ព្រៃរំដួល និងមន្ត្រីសាលាស្រុកភ្នំស្រួចចុះសិក្សាលទ្ធភាព និងសហការជាមួយក្រុមសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ដោយបានសាងសង់កូនផ្ទះមួយខ្នង ទំហំ ៣គុណនឹង៤ម៉ែត្រ មានជញ្ជាំង និងដំបូលស័ង្កសី អស់ថវិកាប្រមាណ៧០០ ដុល្លារ ដោយក្នុងនោះថវិកា បានពីការរៃអង្គាសគ្នារបស់ក្រុមសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ប្រមាណ ៤០០ និងថវិកាចូលរួម ដោយផ្ទាល់របស់លោកអភិបាលខេត្តចំនួន៣០០ដុល្លារ រួមដោយសម្ភារៈមួយចំនួន មានពាងទឹក គ្រែ និងតបណ្តាញភ្លើងបំភ្លឺផងដែរ។ ឆ្លៀតក្នុងឱកាស នោះដែរ នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៦ នេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក៏បាន អញ្ជើញមកជួបលោក សាន់ វេង ដោយផ្ទាល់ និងបានចូលរួមសកម្មភាពសាងសង់ផ្ទះជូនគាត់ ដោយសហការជាមួយក្រុមប្រឹក្សាឃុំ ប្រជាការពារ និងសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពផងដែរ។
សូមបញ្ជាក់ថា នេះជាលើកទី1ហើយ ក្នុងតំណែងជាអភិបាលខេត្ត ដែលសាងសង់ផ្ទះជូនពលរដ្ឋ តាមរយៈការពិនិត្យតាមបណ្តាញសង្គម បានន័យថា លោក អភិបាលខេត្តពិតជាបានយកចិត្តទុកដាក់អំពីសុខទុក្ខ របស់ពលរដ្ឋពិតប្រាកដ៕
ប្រភពពី៖ កាសែតកម្ពុជាថ្មី