កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ខ្លឹមសារ​សន្និ​បាត​​គណ:​កម្មាធិការ​កណ្តាល​លើក​ទី​៣៩ អណត្តិទី៥ របស់​គណ​បក្ស​ប្រជាជន​កម្ពុជា


កំពង់ស្ពឺ៖ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ ក្រុមការងារយុវជនគណបក្សខេត្ត ក្រុង ស្រុកប្រមាណ២០០នាក់ បានចូល​រួមកិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ខ្លឹមសារ​សន្និ​បាត​​គណ:​កម្មាធិការ​កណ្តាល​លើក​ទី​៣៩ អណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅ​ស្នាក់​ការ​គណ​បក្ស​ខេត្ត​កំពង់ស្ពឺ។ ក្រោមអធិបតីភាពឯកឧត្តម នួន ផារ័ត្ន ប្រធាន​ក្រុម​ការងារ​យុវជន​គណ​បក្ស​ខេត្ត ឯកឧត្តម សរ សុពុត្រា និង​ឯកឧត្តម សំ រិទ្ធី ។ ខ្លឹមសារសំខាន់ៗក្នុងកិច្ចប្រជុំផ្សព្វផ្សាយ​ខ្លឹមសារ​សន្និ​បាត​​គណ:​កម្មាធិការ​កណ្តាល​លើក​ទី​៣៩ អណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជាមាន៖

ក.សភាពការណ៍ទូទៅ៖

១. សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្តិភាពសង្គម មានលក្ខណៈ​ល្អប្រសើ ដែលជា​អំណោយ​ផល​ដល់​ការអភិវឌ្ឍន៏​សេដ្ឋកិច្ច សង្គម ការពង្រឹងលិទ្ធិប្រជាធិបតេយ្យ និងការកសាងនីតិរដ្ឋ ។

២. ខឿនការពារជាតិត្រូវពង្រឹងជាប្រចាំ ធានាការការពារសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដីនៃមាតុភូមិ។ កង​យោធ​ពលខេមរភូមិន្ទ​បានម្ចាស់​ការបន្ត​ពង្រឹង​ប្រព័ន្ធការពារជាតិ​ ទាំងនៅតាមតំបន់ព្រំដែនគោគ ដែនសមុទ្រ និងបណ្តាកោះ បង្កើនទំនាក់ទំនងយ៉ាងជិតស្និតជា​មួយកងទ័ពប្រទេសជិតខាង សំដៅកសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តការ និងអភិវឌ្ឍន៏ ។

៣. លិទ្ធិប្រជាធិបតេយ្យ សិទ្ធសេរីភាពរបស់ពលរដ្ឋកាន់តែបានលើកកម្ពស់ ដើយដើរទន្ទឹមនិងការពង្រឹងនិតិរដ្ឋ​ ដើម្បី​សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៏ លើមូលដ្ឋានការថែរក្សា អត្តសញ្ញាណ វប្បធម៍  ប្រពៃណីជាតិ និងសេចក្តីថ្លៃថ្នូរក្នុង សង្គម ។

៤.គាំទ្រយ៉ាងពេញទំហឹង ដល់រាជរដ្ឋាភិបាល ដែលបានកំពុងបន្តជំរុញអនុវត្តយ៉ាងសកម្មនូវកំណែទម្រង់ស៊ីជម្រៅ និងទូលំ​ទូលាយដែលបានកំណត់ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣។ កំណែទម្រង់ច្បាប់ ប្រព័ន្ធយុត្តិធម៌ ​ និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដែលកំពុងបានអនុវត្តជាប្រចាំ និងយ៉ាងដាច់ខាត ដើម្បីលើកកម្ពស់សុចរិតភាព តម្លាភាពនៅក្នុងសង្គម និងតាមស្ថាប័នគ្រប់ថ្នាក់។ កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលនំាមកនូវសមិទ្ធផលជាច្រើនពាក់ព័ន្ធនិងការ​កែលម្អប្រព័ន្ធគ្រប់គ្រងមន្រ្តីរាជការ ប្រព័ន្ធបៀវត្ស ការអភិវឌ្ឍសមត្ថភាពរបស់ស្ថាប័ន និងមន្រ្តីរាជការ កែលម្អគុណភាព​នៃការបម្រើសេវាសាធារណៈ និងការរៀបចំការផ្ទេរមុខងារ និងធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។ កងកម្លាំងប្រដាប់​អាវុធ មន្រ្តីរាជការទទួលបានលើកទឹកចិត្តកាន់តែប្រសើរ តាមរយៈការតម្លើងបៀវត្ស និងការផ្តល់អត្ថប្រយោជន៏ផ្សេងៗ ការធ្វើនិយ័តកម្មឋានន្តរស័ក្តិ ការប្រើប្រាស់គណនីធនាគារសម្រាប់ទូទាត់ប្រាក់បៀវត្ស ការទូទាត់ប្រាក់បៀវត្សទាន់ពេល​វេលា និងការលើកទឹកចិត្តតាមទម្រង់ផ្សេងៗ ។

៥. ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងឆ្នាំ២០១៥ តាមការប៉ាន់ប្រមាណ សេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងរង្វង់ ៧% ដោយសារ​ការរីក​ចម្រើននៃវិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម។ អតិផរណាត្រូវបានរក្សាឲ្យស្ថិតក្នុងកម្រិតទាប អត្រាប្តូរប្រាក់រៀល​មានស្ថេរភាព ស្ថានភាពពាណិជ្ជកម្មក្នុង និងក្រៅប្រទេសមានលក្ខណៈល្អប្រសើរ  ដោយសារកំណើននាំចេញ មាន​ទំហំ​ធំជាងកំណើននាំចូល​។

៦.នៅក្នុងវិស័យសង្គមកិច្ច រាជរដ្ឋាភិបាលបាន និងកំពុងបង្កើនការយកចិត្តទុកដាក់ពង្រឹងប្រព័ន្ធគាំពារសង្គម សំដៅជួយ​ជនក្រីក្រ និងជនងាយរងគ្រោះ​ដែលមិនអាចជួយខ្លួនឯងបាន​ ដើម្បីទប់ស្កាត់លើបញ្ហាសុខភាព អប់រំ អសន្តិសុខស្បៀង និងផលប៉ះពាល់ពីវិបត្តិនានា។ រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ចំពោះជនរងគ្រោះ និងងាយរងគ្រោះ ជនចំណាកស្រុក ដោយប្រថុយប្រថាន ជនអនាថា ដោយពង្រឹងកម្មវិធីសង្គ្រោះបន្ទាន់ ការផ្តល់សេវាស្តារនីតិសម្បទា ការបណ្តុះបណ្តាល​រយៈពេលខ្លី ដែលបង្កឱកាសស្តារជីវភាព និងការធ្វើសមាហរណកម្មទៅក្នុងសហគមន៏ ។

ខ.អំពីការងារគណបក្ស៖

១. គណបក្សបានលើកកម្ពស់ភាពម្ចាស់ការ ក្នុងការអនុវត្តកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ និង វប្បធម៌សន្ទនា

២. ក្រោយបោះឆ្នោតឆ្នាំ២០១៣ មកដល់ពេលនេះ ការតស៊ូខាងនយោបាយ សតិអារម្មណ៍ មានលក្ខណៈកាន់តែ​ស្រួចស្រាវ​ ។ គណបក្សប្រជាជន បានយកចិត្តទុកដាក់អប់រំមហាជន ប្រជាជន លើកកម្ពស់ការយល់ដឹងអំពីកម្មវិធី​នយោបាយ​ និងសមិទ្ធផលធំៗលើគ្រប់វិស័យដែលគណបក្សបានសម្រេចជូនជាតិ អំពីតម្លៃសន្តិភាព និងស្ថេរភាពនយោ​បាយ អំពីការប្តេជ្ញាចិត្តរបស់គណបក្សក្នុងការអនុវត្តកំណែទម្រង់ជាដើម ។ បង្ហាញឲ្យប្រជាជនឃើញច្បាស់នូវទង្វើ និង​នយោបាយដ៏គ្រោះថ្នាក់ ការជាន់ឈ្លីអធិបតេយ្យជាតិ ។

៣. អង្គការចាត់តាំងគណបក្សនៅគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់បន្តកសាង និងពង្រឹងការលើកកម្ពស់សមត្ថភាព ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ។  គណបក្សបានរៀបចំបង្កើនមន្រ្តីវ័យក្មេង និងស្ត្រីក្នុងរចនាសម្ព័ន្ធនៅគ្រប់ថ្នាក់​។

៤. ចលនាយុវជនត្រូវចូលរួមអភិវឌ្ឍសេដ្ឋកិច្ច សង្គម ការងារមនុស្សធម៌ វប្បធម៌ អោយបានកាន់តែច្រើន ជាអាត៌ការ​ងារ​រៀបចំព្រឹត្តិការណ៌អង្គសង្រ្កាននៅខេត្តសៀមរាប ការងារគ្រូពេទ្យស្ម័គ្រចិត្តពិនិត្យ និងព្យាបាលជំងឺជូនប្រជាជននៅមូលដ្ឋាន ការចូលរួមក្នុងកំណែទម្រង់វិស័យអប់រំ ការថែទាំបរិស្ថាន និងការងារសង្គម​ជាច្រើនទៀត ។

៥. ការបោះឆ្នោត ក្រុមការងារគណបក្សទាំងពីរ ដែលមានអាសនៈក្នុងរដ្ឋសភាបានបន្តធ្វើការជាមួយគ្នាយ៉ាងស្វិតស្វាញ រហូតសម្រេចបានច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត(គជប) ច្បាប់ស្តី​ពីការជ្រើសរើសតំណាងរាស្រ្ត បង្កើត គជប ថ្មី និងច្បាប់ថ្មីស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ។ ជារួមច្បាប់ ថ្មីទាំងនេះមានលក្ខណៈកាន់តែល្អប្រសើរឡើង ដូចជាធានាមិនឲ្យមានការរាំងស្ទះដល់ដំណើរការរបស់ គជប ធានាមិន​ឲ្យ​មានជាប់គាំងនយោបាយក្រោយពេលបោះឆ្នោតជាដើម ។

12510417_1557583534502374_7190745915016653455_n