នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យរុក្ខទិវា ៩កក្កដា ឆ្នាំ២០១៧ ក្រោមប្រធានបទ«អ្វីៗដើម្បីកំពង់ស្ពឺ»ដែលពិធីបុណ្យនេះបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតនកោដ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ក្នុងគោលបំណងបំផុសចលនាដាំដើមឈើឡើងវិញ និងការថែរក្សាសម្បត្តិព្រៃឈើ ជាពិសេស ដើម្បីថែរក្សា ការពារ និងបណ្តុះគំនិតស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិ ។
នៅក្នុងឱកាសនោះដែរឯកឧត្តម វ៉ី សំណាង ក៏បានជម្រុញទៅដល់មន្ទីរ ស្ថាប័នពាក់ព័ន្ធ បងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាការពារ និងដាំដុះដើមឈើអោយបានច្រើន ដើម្បីជាប្រយោជន៍ដល់ការរស់នៅរបស់យើង និងជីវិតសត្វព្រៃគ្រប់ប្រភេទ ព្រមទាំងប្រព័ន្ធជីវៈចម្រុះផងដែរ ។
ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា មានតែព្រៃឈើទេដែលអាចទប់ទល់នឹងការប្រែប្រួលអាកាសធាតុបាន ដូឆ្នេះចូលរួមដាំដើមឈើទាំងអស់គ្នា ដើម្បីខេត្តកំពង់ស្ពឺយើងទាំងអស់គ្នា ៕
ឯកឧត្តម វ៉ី សំណាង ៖ មានតែព្រៃឈើទេដែលអាចទប់ទល់នឹងការប្រែប្រួលអាកាសធាតុបាន !
