នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦នេះ នៅអាងទឹកអន្លង់ជ្រៃ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មានរៀបចំពិធីមច្ឆជាតិ ក្រោមកាអញ្ជើញចូលរួមជាអធិបតី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ។
ថ្លែងក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋ ជួយការពារតំបន់អភិរក្សដែលមានត្រី និងរាយការណ៍អំពីជនខិលខូចដែលមកបំផ្លាញត្រី ក្នុងគោលបំណងចូលរួមការពារធនធានធម្មជាតិ និងអំពាវនាវឲ្យប្រជានេសាទទាំងអស់ កុំប្រកាន់ជាមួយអ្នកនេសាទដូចគ្នា រួមគ្នាដើម្បីការពារ និងទទួលផលពីមច្ចជាតិទាំងអស់គ្នា។
សម្តេចតេជោ ហ៊ុន សែន សូមអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមរាយការណ៍ដល់សមត្ថកិច្ច អំពីការកាប់បំផ្លាញព្រៃឈើ ដើម្បីចូលរួមការពារព្រៃឈើ និងសូមអំពាវនាវដល់មន្រ្តី ប្រជាពលរដ្ឋ អង្គការសង្គម និងដៃគូទាំងអស់ រួមគ្នាថែរក្សាធនធមជាតិ តែហាមប្រជាពលរដ្ឋ និងអង្គការសង្គម ដើរតួនាទីជាមន្រ្តីមានសមត្ថកិច្ច។ បញ្ហាកាប់បំផ្លាញព្រៃឈើ និងបំផ្លាញធនធានធម្មជាតិ គឺជារឿងឈឺក្បាលមួយរាជរដ្ឋាភិបាល យើងត្រូវនាំគ្នាបំបាត់ ។
នាពេលនោះដែរមានការលែងកូនត្រីចម្រុះ ១លានក្បាល បង្កង១សែនក្បាល និងសត្វផ្សេងៗទៀតដូជាកង្កែប អន្ទង់។ល។
សូមជម្រាបថាទិវាមច្ឆជាតិ ថ្ងៃទី១ កក្កដា ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីបំផុសចលនាប្រជាពលរដ្ឋឱ្យចូលរួមយ៉ាងសកម្ម ក្នុងការថែរក្សាពូជត្រី ឱ្យមានក្នុងដែនទឹកធម្មជាតិផង បង្កើនផលត្រីនៅតំបន់ឆ្ងាយពីដែននេសាទផង ជាពិសេសតាមតំបន់សមស្របនៃវាលទំនាប និងវាលស្រែក្នុងទូទាំងប្រទេស ដែលកាលពីឆ្នាំមុន ទិវាមច្ឆជាតិ ត្រូវបានរៀបចំឡើង នៅអាងទឹកខ្នាច ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមដែលមានព្រលែង កូនត្រីចម្រុះប្រមាណ១លានក្បាល៕