(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអំពាវនាវដល់គ្រូពេទ្យមួយចំនួន ដែលធ្លាប់មានឥរិយាបថខុសឆ្គង ប្រើសម្តីមិនសមរម្យ មើលលុយជាធំ ឲ្យកែប្រែឥរិយាបថរបស់ខ្លួន ដើម្បីបម្រើប្រយោជន៍ជូនពលរដ្ឋក្រីក្រ ជាពិសេសកុំឲ្យខូចដល់កេរ្តិ៍ឈ្មោះគ្រូពេទ្យល្អៗ។
ក្នុងឱកាសអញ្ជើញបិទសន្និបូកសរុបការងាររបស់ក្រសួងសុខាភិបាលនាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា មានគ្រូពេទ្យជាច្រើនមានក្រមសីលធម៌វេជ្ជាជីវៈល្អ ហើយមានតែបុគ្គលពេទ្យមួយចំនួនតូចប៉ុណ្ណោះ ដែលមានឥរិយាបថមិនល្អ។ សម្តេចអំពាវនាវឲ្យគ្រូពេទ្យមានឥរិយាបថមិនល្អនោះ ឲ្យកែប្រែឥរិយាបថ «កុំធ្វើឲ្យត្រីមួយកន្ត្រកស្អុយមួយ ស្អុយទាំងអស់»។
សម្តេចតេជោ បានអំពាវនាវយ៉ាងដូច្នេះ «បើគ្រូពេទ្យ១០០ ខូច ៩០ វាចប់ហើយ វាមិនដល់ថ្នាក់ណុងទេ។ យើងទទួលស្គាល់ថា យើងនៅមានចន្លោះប្រហោង មានបុគ្គលពេទ្យមួយចំនួនមានឥរិយាបថខុសឆ្គង យើងត្រូវកែប្រែឥរិយាបថទាំងនោះ បើសម្តីអាក្រក់បន្ថយសម្តីអាក្រក់ទាំងអស់នោះទៅ ពិបាកបំផុតពេលយើងអត់ថ្នាំ បើយើងមានថ្នាំហើយមានអីពិបាក គ្រាន់តែយើងកុំប្រើសម្តីអាក្រក់ទៅ»៕
ប្រភពពី៖ Freeshnews