គូ​ព្រេង​មិន​ព្រាត់ អាពាហ៍​ពិពាហ៍​ក្នុងគ្រាក​លិយុគ


សម្ដេចតេជោ: ថ្ងៃទី៥ ខែ មករា ឆ្នាំ ២០១៥ ជាខួប ៤០ ឆ្នាំ នៃអាពាហ៏ពិពាហ៏របស់ខ្ញុំ និងភរិយា (៥មករា១៩៧៦-៥មករា២០១៦)។
បើនិយាយពីជីវិតប្តីប្រពន្ទវាជារឿងធម្មតាខ្លាំងណាស់សំរាប់ជីវិតមនុស្សទូទៅ តែសំរាប់ខ្ញុំនិងភរិយាវាជារឿងមិនធម្មតា ពេលខ្លះខ្ញុំគិតថាចម្លែករហូតចាត់ទុកថាទេវតាផ្សំផ្គុំ ឬគូព្រេងទៀតផង។
ខ្ញុំគួរចាប់​ផ្តើមពីចំណុចថា តើខ្ញុំនិងភរិយាស្គាល់គ្នានិងជួបគ្នាដោយរបៀបណា? គ្រូទោះទាយតែងតែទោះទាយឱ្យខ្ញុំថា គូរព្រេងរបស់ខ្ញុំនៅក្រោមខ្សែទឹកហូរ ជារបៀបនិយាយនៃអ្នកដែលរស់នៅតាមដងទន្លេមេគង្គមានន័យថា ភរិយា​ខ្ញុំនឹង​មានទីលំនៅ នៅក្រោមចរន្តទឹកហូរ តែផ្ទុយទៅវិញភរិយាខ្ញុំបែរជាមានទីលំនៅលើចរន្តទឹកហូរទៅវិញ។ ប្រៀបធៀប​ភូមិសាស្រ្តនៃ ភូមិ ពាមកោះស្នា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ដែលជាភូមិកំណើតរបស់ខ្ញុំ និង ភូមិរកាខ្នុរ ឃុំរការខ្នុរ ស្រុកក្រូចឆ្មា ដែលជាភូមិកំណើតរបស់ភរិយាខ្ញុំនៅម្ខាងទន្លេម្នាក់ឃើញថា ភូមិខ្ញុំនៅ​ក្រោមខ្សែ​ទឹក​នៃភូមិ​ភរិយាខ្ញុំ៣​ទៅ៥​គីឡូ​ម៉ែត្រ​ឯណោះ។
ពេលនេះខ្ញុំនិយាយដល់រឿងរ៉ាវដែលបានកើតក្នុងទំនាក់ទំនងរវាងខ្ញុំនិងភរិយាខ្ញុំ។ នៅប្រមាណ​ដើមឆ្នាំ១៩៧៣ អង្គភាព​របស់​ខ្ញុំត្រូវបានបញ្ជូនចេញពីស្រុកមេមត់ទៅកាន់ស្រុកត្បូងឃ្មុំតាមដងទន្លេមេគង្គ មានឃុំជីរោ ឃុំបឹងព្រួល ឃុំពាមជីលាំង ឃុំ ថ្មពេជ្រ ឃុំស្រែសៀម។ល។ បន្ទាប់ពីបានប្រយុទ្ឋនៅលើសមរភូមិជាច្រើនតាមផ្លូវជាតិលេខ៧ ក្នុងចន្លោះ​​ស្រុកស្នួល ខេត្តក្រចេះ មកស្រុកមេមត់និងស្រុកពញ្ញាក្រែកខេត្តកំពង់ចាម ដែលពួកខ្​ញុំប្រយុទ្ឋភាគ​ច្រើនជាមួយ​កងទ័ពឈ្លាន​ពាន​វៀតណាម​ខាងត្បូងនិងកងពេលខ្លះជាមួយកងទ័ពអាមេរិក និង វៀតណាមខាងត្បូង សំខាន់ក្នុងឆ្នាំ១៩៧០ ដល់​ចុង​ឆ្នាំ១៩៧១។
ពេលនោះ​ខ្ញុំទើបអាយុបាន២១ឆ្នាំ។ ឯភរិយាខ្ញុំទើបមានអាយុ១៩ឆ្នាំប៉ុណ្ណោះ។ ខ្ញុំនិងភរិយារបស់ខ្ញុំមិនដែលស្គាល់គ្នាទាល់តែសោះ កុំថាឡើយមុខមាត់សូម្បីតែឈ្មោះក៏មិនដែលស្គាល់ឬឮផង។ ល្ងាច ថ្ងៃ​មួយ​នៅពេលដែលខ្ញុំកំពុងដាំបាយដែលជាវេនដាំស្លរបស់ខ្ញុំ ស្រាប់តែ យុទ្ឋជន របស់ខ្ញុំម្នាក់ដែល ទើបនឹង ចេញពី​ព្យាបាល​​ជម្ងឺនៅមន្ទីរពេទ្យស្រុកក្រូចឆ្មាមកប្រាប់ខ្ញុំថា សោផ្តាំសួរសុខទុក្ខ។ អ្នកតាមដងទន្លេពាក្យ (សោគឺជាបងថ្លៃស្រី) ខ្ញុំមិន​តបតឬសួរនាំអ្វីទាំងអស់ និងឱយយុទ្ឋជនរូបនេះជួយចិត្តផ្លែចេកព្រោះត្រូវធ្វើសម្លរប្រហើរផ្លែចេក។
ស្អែក​ឡើងមានយុទ្ឋជនផ្សេងដែលទើបចេញពីមន្ទីរពេទ្យស្រុកក្រូចឆ្មានិយាយរឿងនេះដូចគ្នា និងជា​បន្តបន្ទាប់​មាន​យុទ្ឋជន កម្មាភិបាលកាន់តែច្រើន និយាយពាក្យសោផ្ដាំសួរសុខទុក្ខ។ ចំណែក​ខាងភរិយា​ខ្ញុំក៏បានទទួល​ពាក្យពី​យុទ្ឋជន​របស់​ខ្ញុំវិញថា មេបញ្ជាការរបស់ខ្ញុំផ្ដាំសួរសុខទុក្ខ អ្នកគ្រូពេទ្យរហូតយុទ្ឋជនខ្លៈហ៊ានប្រើពាក្យសោឬបងថ្លៃ ដែលពាក្យ​នេះ​បានធ្វើឱ្យ អ្នកគ្រូពេទ្យក្រមុំខឹងនិងខ្ញុំយ៉ាងខ្លាំង។
នេះជាល្បែង​​ផ្សំផ្គុំដ៏មានគ្រោះថ្នាក់សំរាប់វិន័យកងទ័ពនាពេលនោះ ប្រសិនបើ​យើងមិនមាន​ការយោគយល់​ពីមេបញ្ជាការ​របស់​​យើង​ទេនោះ។ ជាកុសលល្អ ខ្ញុំតែងមានមេបញ្ជាការប្រកបដោយមេត្តាធម៌ ក្នុងនោះមានម្នាក់ឈ្មោះសុក សារឿន បច្ចុប្បន្នជាឧត្តមសេនីយទោ និងជាមេបញ្ជាការរងយោធភូមិភាគទី៤ គាត់ជា​មនុស្ស​សំខាន់​ម្នាក់ដែល​ដឹងរឿងរ៉ាវ​ក្នុង​ទំនាក់ទំនងរវាងខ្ញុំនិងភរិយាខ្ញុំ។ ឯខ្ញុំក៏ដឹងរឿងរ៉ាវគាត់ច្រើនដែរ ក្នុងរឿងគាត់ជាកម្លោះចាស់ចង់បានប្រពន្ឋក្មេង។
ថ្ងៃទី២៣ ខែ មិនា ឆ្នាំ ១៩៧៣ មានការប្រយុទ្ឋទ្រង់ទ្រាយធំមួយដើម្បីអបអរសាទរខួបលើកទី៣ នៃថ្ងៃបង្កើត​រណសិរ្ស​រួបរួម​ជាតិកម្ពុជា ដឹកនាំដោយ សម្តេចព្រះ នរោត្តម សីហនុ ។

1936553_932778753437289_7070854629449093938_n  12401652_932778756770622_72835348405469521_o

ពួកយើង​បានវាយបន្ទាយទន្លេបិទដែលអង្គភាពរបស់ខ្ញុំក្រោមបញ្ជាររបស់បងប្រុស សុក សារឿន ត្រូវវាយពីទិសខាងជើង ដែលពេលនេះគឺជាតំបន់គល់ស្ពានគីស្យូណា។ យើងចាញ់ធ្ងន់ធ្ងររហូតបាក់ទ័ព។ យុទ្ឋជនមួយចំនួនពលីជីវិត មួយចំនួន​ទៀតត្រូវរបួសដែលបងប្អូនទាំងនោះត្រូវបញ្ជូនមកព្យាបាលរបួសនៅមន្ទីរពេទ្យស្រុកក្រូចឆ្មា ដែលជា​មន្ទីរពេទ្យ​កំពុង​មាន​បញ្ហាជាមួយខ្ញុំ។
សូមបញ្ជាក់ថា ការប្រយុទ្ឋយប់ថ្ងៃទី២៣ ខែ មិនា ឆ្នាំ ១៩៧៣ គឺជាលើកដំបូងហើយ ដែលខ្ញុំវាយ​ជាមួយកង​ទ័ពខ្មែរ​គ្នាឯង​តាមនយោបាយខ្មែរូបនីយកម្មសង្គ្រាមនៅកម្ពុជា បន្ទាប់ពី​អាមេរិក និងវៀតណាម​ខាងត្បូង ដកកងទ័ព​ថ្មើរជើងចេញ​ពី​កម្ពុជា តែនៅបន្តវាយកម្ពុជាតាមកងទ័ពជើងអាកាស។ ការប្រយុទ្ឋ​រាប់សិបលើក​មុនៗ គឺវាយជា​មួយកងទ័ព​ឈ្លានពាន​អាមេរិក ពិសេសគឺកងទ័ពវៀតណាមខាងត្បូងដែលបោះទ័ពតាមផ្លូវជាតិលេខ៧ ម្ដុំ ស្អំ អំពុកក្រែក។ល។ នៅពេល​កម្មា​ភិបាល​យុទ្ឋជនមួយចំនួនកំពុងសម្រាកព្យាបាលរបួស និងជម្ងឺនៅក្នុងមន្ទីរពេទ្យស្រុកក្រូចឆ្មា ក្នុងឋានៈ​ជាមេបញ្ជា​ការ​របស់​ពួកគេ ខ្ញុំត្រូវទៅសួរសុខទុក្ខពួកគេ។ ពេលចូលដល់មន្ទីរពេទ្យដែលនៅជាប់និងមាត់ទន្លេមេគង្គ ខ្ញុំដើរសួរ​សុខទុក្ខ​យុទ្ឋមិត្ត​ដែលសម្រាកនៅមន្ទីរពេទ្យទាំងអស់ ដោយ​មាននំអន្សម​ចេកចែក​ជូន២​ម្នាក់ស្មើៗ​គ្នាដោយ​គ្មានការ​រើសអើង​អង្គ​ភាព។ ចុងក្រោយទើបខ្ញុំទៅសួរសុខទុក្ខសំឡាញ់ខ្ញុំម្នាក់ដែលរបួសជើងទាំងសងខាង ដែលខ្ញុំ​បានអូស​ផងលីផង​យក​ចេញ​ពីសមរភូមិនាព្រឹកថ្ងៃទី ២៣ ខែ មិនា ឆ្នាំ ១៩៧៣។ សំឡាញ់​ម្នាក់នេះកំសត់កម្រជាមួយគ្នាតាំងពីសមរភូមិទី១ វាយ​ទ័ព​អាមេរិក និងវៀតណាមខាងត្បូងនៅស្រុកស្នួលខេត្តក្រចេះ ថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៧០ ដែល​ជាថ្ងៃ​ដំបូង​នៃការ​ចូល​មក​កាន់កាប់ផ្លូវជាតិលេខ៧ ពីសំណាក់កងទ័ពឈ្លានពាន។ គាត់គឺជាមនុស្សកំប្លែងស្ងួត សំឡាញ់​ខ្ញុំមិន​ត្អូញ​ត្អែរ​ជាមួយ​មុខ​របួសគាត់ទេ គាត់បែរជានិយាយមកកាន់ខ្ញុំថា បូណាល់ (ហ៊ុន បូណាល់ ជាឈ្មោះដើមរបស់ខ្ញុំ និងហៅក្រៅថា “សែន” ពេល​នោះខ្លះហៅ “សែន” ខ្លះហៅ “បូណាល់”) គ្រូពេទ្យ ”រានី” ពិតជាស្អាត។

12366086_932777896770708_375710636430069761_oបើឯងមិនត្រូវការទេទុកឱ្យអញដណ្តឹងយកតែប្រហែលជាទៅមិនរួចទេបើអញខ្មៅយ៉ាងនេះដូចក្អែកពាំពងមាន់ ហើយ​ព្រោះ​រ៉ានីសស្អាតណាស់។ ពេលឮឈ្មោះ ”រានី” ខ្ញុំក៏សួរថា “រ៉ានីហ្នឹងជាអ្នកណាគេ? សំឡាញ់ខ្ញុំឆ្លើយភ្លាមថា ក្រែង​នារី​ដែល​ឯងស្រឡាញ់នោះអី បន្តិចទៀតគាត់មកលាងរបួសឱ្យអញហើយ ចាំជួបគ្នានៅហ្នឹងហើយ។ ខ្ញុំជេរ​សំឡាញ់​ខ្ញុំថា​អាឆ្កួត។ ដោយប្រញ៉ាប់ឆ្លងទន្លេពីឃុំក្រូចឆ្មា ដែលជាទី​តាំង​មន្ទីរពេទ្យ​ទៅឃុំពាមកោះស្នា ដើម្បីសួរ​សុខទុក្ខ​ឳពុក ម្តាយ ក្រុមគ្រួសារដែលបែកគ្នាជាង៣ឆ្នាំមកហើយនោះ ខ្ញុំក៏ប្រញ៉ាប់​ចាកចេញ​ពីមន្ទីរ​ពេទ្យ​ដោយមិនទាន់​ស្គាល់​មុខរ៉ានី​យ៉ាង​ណា​ផង ហើយក៏មិនចង់ស្គាល់ដែរ ព្រោះខ្លាច​មានរឿង។ នេះលើកទីមួយហើយដែលខ្ញុំស្គាល់ឈ្មោះនារីម្នាក់ ដែលក្រោយ​មក​បាន​ក្លាយ​ជា​ភរិយា​ខ្ញុំ​រយះ​ពេល៤០កន្លងមកនេះ។
ហេតុតែ​និស្ស័យ ខំប្រឹងគេចវេស ទោះខ្ញុំត្រូវរបួសភ្លៅដោយអំបែងគ្រាប់ផ្លោងក្នុងអំឡុងខែវិច្ចិកា ឆ្នាំ១៩៧៣ ក៏ខ្ញុំមិន​មក​ព្យាបាលនៅមន្ទីរពេទ្យស្រុកក្រូចឆ្មាដែរ ខ្លាចជួបមុខរ៉ានីនេះ។ តែពាក្យចចាមអារ៉ាមកាន់តែធំទៅៗ ធ្វើឱយ​ខ្ញុំរង​ក្តីអាម៉ាស់​ប្រឈមនិងបញ្ហាវិន័យកាន់តែខ្លាំង។ ចំណែកខាងរ៉ានីវិញកាន់តែធ្ងន់ធ្ងរជាងខ្ញុំទៅទៀត ព្រោះនាងជាមនុស្សស្រី បើមិន​រងខាង​វិន័យទេក៏មានផលប៉ះពាល់ខាងសីលធម៌ដែរ។ មនុស្សប្រុស ស្រី២នាក់​ហើយ​សុទ្ឋតែ​ក្រមុំ កម្លោះ ដូចគ្នាមិន​ដែល​ស្គាល់គ្នា​តែមានការគិតដូចគ្នា គឺខ្ញុំបានស្នើរសុំមេបញ្ជាការរបស់ខ្ញុំបង សុខ សារឿន​ដើម្បីទៅជួប​ដោះស្រាយ​ផ្ទាល់នៅ​ស្រុកក្រូចឆ្មា។ ប្រហែល២​ថ្ងៃក្រោយរ៉ានីបាន​ផ្តាំតាមអ្នកទទួល​ខុសត្រូវពេទ្យ​នៅសមរភូមិឱ្យ​ខ្ញុំប្រញ៉ាប់ទៅកាន់​ស្រុកក្រូចឆ្មា​ដើម្បីដោះស្រាយការយល់ច្រឡំនេះ។
ខ្ញុំទទួលបាន​ព័ត៌មា​នពេលព្រឹក ពេលរសៀលខ្ញុំជួបបង សុក សារឿន មេបញ្ជាការ​​របស់ខ្ញុំទទូច​សុំគាត់ឱ្យជូន​ខ្ញុំ​ទៅស្រុក​ក្រូច​ឆ្មា​នាពេលល្ងាចនោះតែម្ដង។ ដោយយ​ល់ចិត្ត​នាយ​ទាហ៊ាន​ថ្នាក់ក្រោម​ដែលជួយការងារ​គាត់យ៉ាង​ច្រើន​លើ​ការងារ ហើយប្រហែលជាគាត់កំពុងស្វែងយល់ចិត្តនិងសាច់ញាតិនារីម្នាក់ដែលគាត់ស្រឡាញ់ផងដែរនោះ បង សុក សារឿន ក៏​សំរេចចិត្តភ្លាមហើយចេញដំណើរភ្លាម ដែលដើមឡើយទាំងគាត់ទាំងខ្ញុំគិតថានឹងត្រឡប់មកវិញទាំងយប់។
ពួក​​យើងចេញដំណើរម៉ោងប្រហែលជិត៣ល្ងាច ពីឃុំបឹងព្រួលស្រុកពាមជីលាំង ទៅឃុំក្រូចឆ្មា ស្រុក​ក្រូចឆ្មា​ដោយ​ម៉ូតូ​ហុងដា CL90។

12140657_894810383900793_759000573179743782_n(រូបតំណាង)

សុំបញ្ជាក់ថា ក្រោយឆ្នាំ១៩៧០ តំបន់​រំដោះនា​ខេត្តកំពង់ចាម​ត្រើយខាង​កើតទន្លេ​មេគង្គ គឺជាផ្នែក​មួយនៃ​ភូមិភាគបូព៌ា​ទិស២០៣ តំបន់ដែលខ្ញុំរស់នៅគឺតំបន់២១ ដែលនៅខាងជើងផ្លូវជាតិលេខ៧។ រីឯខាងត្បូងផ្លូវជាតិលេខ៧ គឺជាតំបន់២០។ ខេត្តកំពង់ចាមត្រើយខាងលិចជាភូមិភាគ៣០៤ ដោយយកទន្លេមេគង្គ ជាព្រំប្រទល់រវាងភូមិភាគទាំងពីរ២០៣ និង ៣០៤។ សំរាប់តំបន់២១ បានបង្កើតស្រុក២បន្ថែម គឺស្រុកទឹកជ្រៅនឹងស្រុកពាមជីលាំង ក្នុងឆ្នាំ១៩៧៣។ ក្រោយ​មកទៀត​បង្កើតស្រុកមួយទៀតមានឈ្មោះថាស្រុកត្រមូង។ ឃុំបឹងព្រួល​ដែលខ្ញុំចេញ​ដំណើរទៅកាន់​ស្រុកក្រូចឆ្មា​ស្ថិតក្នុង​ស្រុក​ពាមជីលាំង ដែលត្រូវធ្វើដំណើរប្រមាណ២ម៉ោង ទើបដល់​មន្ទីរពេទ្យដែល​មានទីតាំងនៅ​ឃុំក្រូចឆ្មា ដែលពួក​យើង​ទៅដល់​ទីនោះមុនម៉ោង ៥ល្ងាច។
ភ្នែកខ្ញុំប្រឹង​រកមើលតើនារីមួយណាទៅឈ្មោះរ៉ានី ប៉ុន្តែមិនឃើញសោះ ប្រហែលកន្លះម៉ោងក្រោយមកទើបថ្នាក់ដឹកនាំមន្ទីរពេទ្យនិងសង្គមកិច្ចស្រុកបានអញ្ជើញយើងហូបបាយ។ ខ្ញុំអត់​ស្គាល់​គ្រូពេទ្យ​ជានារីនៅមន្ទីរពេទ្យស្រុកក្រូចឆ្មាទេ គ្រូពេទ្យលើកបាយសម្លរមក ខ្ញុំលួចមើល​មុខ​និងខ្សឹប​សួរ​ប្រធាន​មន្ទីរ​ពេទ្យ​ថាតើមួយណាឈ្មោះរ៉ានី ប្រធានមន្ទីរគ្រវីក្បាលថាអត់មាននៅទីនេះទេ។ ក្រោយបាយរួច ខ្ញុំបាន​សុំមេបញ្ជាការ​របស់​ខ្ញុំទៅ​សួរសុខទុក្ខបងជីដូនមួយរបស់ខ្ញុំដែលនៅមិនឆ្ងាយពីមន្ទីរពេទ្យ។
ម៉ោងប្រមាណ ៧ យប់ ខ្ញុំបានវិលត្រឡប់មកវិញ។ ខ្ញុំឡើងទៅ​លើផ្ទះឃើញ​នារីម្នាក់​កំពុង​អង្គុយមុខ​ចង្កៀង​ប្រេងកាត​ដែលខ្ញុំមើលទៅសុទ្ឋតែជាវេជ្ជបញ្ជាសំរាប់ព្យាបាលឱ្យអ្នកជម្ងឺ។ ដោយមិនឃើញមេបញ្ជាការរបស់ខ្ញុំ ខ្ញុំក៏សួរ​ទៅកាន់​នារី​នោះថា បងស្រី តើមេបញ្ជាការរបស់ខ្ញុំគាត់ទៅណាហើយ? ចម្លើយរបស់សុភាពនារីរូបនេះតបមកវិញថា គាត់ទៅ​មាត់​ទន្លេហើយ។ មិនអស់ចិត្តខ្ញុំក៏សួរគាត់មួយសំនួរទៀតថា តើនារីឈ្មោះរ៉ានី ពេលនេះនៅឯណា? ចម្លើយតប​ដោយ​សុភាព​ថា រ៉ានីទៅដងទឹកបាត់ហើយ។ ខ្ញុំក៏ចុះមកក្រោមផ្ទះវិញក្នុងបំណងដើរទៅរកមេបញ្ជាការរបស់ខ្ញុំ។ លុះចុះមកដល់ក្រោម ខ្ញុំបានជួបជាមួយគ្រូពេទ្យម្នាក់ដែលធ្លាប់ស្គាល់គ្នាពេលដែលគាត់ទៅប្រចាំការនៅសមរភូមិ ខ្ញុំក៏សួរគាត់ថា នារី​ឈ្មោះ​រ៉ានីពេលនេះនៅឯណា? បងប្រុសគ្រូពេទ្យដែលមានអាយុច្រើនជាងខ្ញុំប្រហែល១០ឆ្នាំឆ្លើយតបថា នារីដែល​សែនឯង​សួរ​លើផ្ទះអម្បាញ់មិញនោះហើយជារ៉ានី។ បន្ទាប់ពីដឹង​ថានារីដែលធ្លាប់​មានបញ្ហា​ជាមួយខ្ញុំជា​យូរមកហើយ​ហ៊ានភូត​ខ្ញុំ​នៅ​ពេលនេះទៀតធ្វើឱ្យខ្ញុំកាន់តែខឹង។ ពេលនេះ​រឿងចាស់​រឿងថ្មី​​ត្រូវតែ​ទូទាត់​បញ្ជីនៅ​យប់នេះ​(តាមពិតខ្ញុំមើល​មុខរ៉ានី​អត់​ច្បាស់ទេ ដោយមើលពីក្រោយព្រោះរ៉ានីកំពុងសរសេរដោយពន្លឺចង្កៀងប្រេងកាត)។
ម៉ោង​៨យប់ ការប្រជុំដោះស្រាយបានមកដល់។ ភាគីខាងស្រីមានប្រធាននិងអនុប្រធានមន្ទីរពេទ្យស្រុក សាម៉ីខ្លួន​ខាង​ស្រី​គឺ រ៉ានី និងមិត្តស្រីរបស់គាត់ម្នាក់ទៀតដែលជាគ្រូពេទ្យក្រមុំដូចគ្នា។ ខាងភាគីខ្ញុំមានមេបញ្ជាការខ្ញុំនិងរូបខ្ញុំជាសាម៉ីខ្លួន។ មន្ទីរ​ពេទ្យបានក្រាលកន្ទេលក្រហម២ និងចង្កៀងប្រេងកាត២ ដែលយើងអង្គុយទល់មុខគ្នា ខ្ញុំអង្គុយបត់ជើង មេ​បញ្ជាការ​ខ្ញុំអង្គុយ​ពេនភ្នែន ។ នៅពេលអង្គុយរួចហើយ យុវនារី២នាក់បានមកដល់ ហើយអង្គុយបត់ជើង ពេល​នោះខ្ញុំ​ចាំមិន​ច្បាស់​ថា មួយណាជារ៉ានីក្នុងចំណោមយុវនារីទាំង២នាក់នោះ ព្រោះ​ពេលខ្ញុំ​សួរ​ពីក្បាល​ព្រលប់​ខ្ញុំមិនបាន​ឃើញមុខ​គេច្បាស់​ទេ។
បន្តិច​ក្រោយមកទើបខ្ញុំបាន​ស្គាល់រ៉ានីច្បាស់។ ពេលនោះអារម្មណ៍របស់ខ្ញុំក៏ចាប់ចិត្តស្រឡាញ់គេភ្លាម។ ខ្ញុំមាន​ការ​សោក​ស្តាយ ហើយគិតក្នុងចិត្តថាប្រសិនបើដឹងថានាងស្អាតយ៉ាងនេះ មិនចាំបាច់មកដោះស្រាយធ្វើអ្វី សុំស្តី​ដណ្តឹង​យកធ្វើជា​ប្រពន្្ធ​តែម្តងជាល្អជាង។ ខ្ញុំស្តាយដោយធ្លាប់ជេរស្តីឱ្យយុទ្ឋជនដែលជួយផ្សំផ្គុំខ្ញុំជាមួយរ៉ានី លើស ពីនេះ​ខ្ញុំក៏​ធ្លាប់​លួច​ជេរ រ៉ានី​ដែរ ពិសេសក្រោយពេលប្រជុំម្តងៗ ដែលថ្នាក់លើនិយាយបញ្ឆិតបញ្ឆៀងរឿងសីលធម៌ ដែលធ្វើឱ្យខ្ញុំឈឺចិត្ត។
ឃើញ​ភ្លាមស្រឡាញ់ភ្លាម រឿងនេះមិនធ្លាប់មានសោះក្នុងជីវិតជាកម្លោះរបស់ខ្ញុំ។ តើត្រូវ​ស្រោច​ស្រង់​សភាព​ការណ៍​បែប​ណា? ផែនការពីក្បាល​ព្រលប់ចង់ទូទាត់​បញ្ជីរទាំងចាស់​ទាំងថ្មីត្រូវ​បានជំនួស​ដោយពាក្យ​សុំទោស​ជំនួសយុទ្ឋជន និងប្អូន​ស្រីខ្ញុំ២នាក់ ដែលធ្លាប់បានហៅរ៉ានីថាជាបងថ្លៃ ដែលធ្វើឱ្យរ៉ានីខូចឈ្មោះ។ ដោយ​ពុំមានចំណង​ស្នេហ៌ជាមួយ​នារីណានៅ​ឡើយ ខ្ញុំគិតក្នុងចិត្តថាត្រូវតែយករ៉ានីមកធ្វើជាភរិយាឱ្យបាន។ អ្វីដែលជាក្តីបារម្ភរបស់ខ្ញុំ តើរ៉ានីស្រឡាញ់ខ្ញុំ ព្រមទទួល​យកខ្ញុំជាស្វាមីឬទេ? និងថា តើរ៉ានី មានបុរស់ណាក្នុងចិត្តនាងហើយឬនៅ?។
នៅ​យប់​នោះ ខ្ញុំក្លាយជាមនុស្សដែលចេះនិយាយភូតដោយប្រាប់មេបញ្ជាការខ្ញុំថាម៉ូតូយើងម៉ាស៊ីនដើរមិនស្រួល អាគុយ​ក៏មិនសូវកាន់ភ្លើង ធ្វើដំណើរទាំងយប់អាចខូចតាមផ្លូវ។ គាប់ជួនពេលនោះម៉ោងជិត១០យប់ទៅហើយ មេ​បញ្ជាការ​ខ្ញុំ​ក៏​យល់ព្រមដោយសុំប្រធានមន្ទីរពេទ្យសម្រាកមួយយប់។ មន្ទីរពេទ្យ​ក៏រៀបចំភ្លាមៗ​ឱ្យយើងទាំង២​នាក់​សម្រាកនៅ​លើផ្ទះ​ដែល​យើង​ប្រជុំដោះស្រាយនោះតែម្ដង។ មិន​នឹក​ស្មាន​ដល់ថា​ផ្ទះដែលយើងសម្រាកនេះ ជាផ្ទះដែលរ៉ានី និងមិត្តនារី​របស់​គាត់​សម្រាក និងធ្វើការ​នៅក្នុង​ផ្ទះនេះដែរ។ រឿង​ទៅ​ហួស​ពីនោះ គឺរ៉ានីបានយកភួយ២មកឱ្យមេបញ្ជាការខ្ញុំ។ មេបញ្ជាការ​ខ្ញុំ​យក​ភួយ១ ពណ៏ផ្កាឈូក ហើយ​ប្រគល់​ឱ្យខ្ញុំ​ភួយ​ពណ៍ខៀវ ដែល​ក្រោយ​រៀបការ​ទើប​ដឹងថា​ភួយ​ដែលខ្ញុំ​ដណ្តប់​ជាភួយ​ភរិយាខ្ញុំ ដែល​ពេលនោះ​យើងបាន​ដណ្ដប់​ភួយគ្រូ​ពេទ្យ​ក្រមុំ ហើយទុកឱ្យពួកគាត់ដណ្តប់មុង។ តើនេះ​ជាការរៀប​ចំរបស់​ទេវតាឬ?
មេឃ​មិនទាន់ភ្លឺច្បាស់ផង ខ្ញុំឮសម្លេងបុកអង្ករ ខ្ញុំខំអើតមើលឃើញរ៉ានី និងមិត្តរបស់គាត់ឈ្មោះខេមរា កំពុងបុកអង្ករ ។ មេបញ្ជាការខ្ញុំប្រាប់ឱ្យខ្ញុំរៀបចំម៉ូតូដើម្បីចេញដំណើរទាន់ពេលព្រឹក។ ខ្ញុំបន់ឱ្យតែម៉ូតូខូចដើម្បីបាននិយាយជាមួយរ៉ានី តែវាមិនតាមចិត្តចង់របស់យើងទេ គឺធាក់តែមួយជើងម៉ូតូឆេះភ្លាម។ ខ្ញុំខំរកវិធីឡើងចុះផ្ទះបាន២ដង មុនចេញ​ដំណើរ​ដោយ​​ចុងក្រោយខ្ញុំបានហៅរ៉ានីថាបងម្តងទៀត ដោយប្រើពាក្យថាលាហើយបងស្រី។ នេះជា​ទម្លាប់របស់​ខ្ញុំមិន​ដែល​ហៅ​ថា​អូន ឬមិត្តនារីនោះឡើយ គឺមានតែបងស្រី មីង អុំស្រី យាយ សំរាប់ប្រើជាមួយមនុស្សស្រី ព្រោះឆ្នាំ១៩៧៤ ខ្ញុំទើប​មាន​អាយុ២២ឆ្នាំនៅឡើយ។
(ខ្ញុំសុំបញ្ជាក់​ថា ពេលវេលានៃការដោះស្រាយនេះប្រព្រឹត្តឡើងនៅដើមខែ មិនា ឆ្នាំ១៩៧៤)។ ការដែល​ខ្ញុំស្រឡាញ់​រ៉ានី​គឺជា​រឿងពិត ហើយការដែលរ៉ានីស្រឡាញ់ខ្ញុំឬអត់ជាបញ្ហាដែលត្រូវរកវិធីដោះស្រាយ។ ក្ដី​ស្រឡាញ់​​ទៅលើ​នារីម្នាក់​កើត​មាន​ជាលើកដំបូងសំរាប់ជីវិតខ្ញុំ តែទោះជាយ៉ាងណា ក៏ខ្ញុំមិនភ្លេចពីតួនាទីនិងភារកិច្ចខ្ញុំដែរ។
ថ្ងៃទី​១៣ ខែ មេសា ឆ្នាំ ១៩៧៤ ជាថ្ងៃចូលឆ្នាំខ្មែរ។ ខ្ញុំបាន​ឆ្លៀតពេល​ទៅលេងស្រុក​ក្រូចឆ្មា ក្នុងបំណង​ទៅរករ៉ានី​ដោយ​យក​លេសថាទៅសួរសុខទុក្ខយុទ្ឋជនដែលកំពុងព្យាបាលជម្ងឺនៅមន្ទីរពេទ្យ។ លុះទៅដល់មន្ទីរពេទ្យ មិនបានឃើញរ៉ានីទេ ហើយ​ក៏មិនហ៊ានសួររកថែមទៀតផង។ ខ្ញុំជិះម៉ូតូចេញពីមន្ទីរពេទ្យទាំងអស់សង្ឃឹម។ យើងត្រូវ​បន្តដំណើរ​ទៅកាន់​ឃុំ​រកាខ្នុរ ដើម្បីនាំមិត្តខ្ញុំម្នាក់ទៅសួរសុខទុក្ខឪពុកម្តាយដែលជាស្រុកកំណើតរបស់គាត់។ នៅពេល​ដែលខ្ញុំកំពុង​ធ្វើដំណើរ​បាន​​ប្រហែល២គីឡូម៉ែត្រក៏ជួបរ៉ានីកំពុងជិះកង់ម្នាក់ឯងតាមផ្លូវ ខ្ញុំក៏ឈប់ម៉ូតូ រ៉ានីក៏ឈប់កង់។ យើងសួរ​សុខទុក្ខគ្នា​ដោយ​ពាក្យ​​គួរសមប្រហែល៣នាទីប៉ុណ្ណោះ ហើយក៏លាគ្នាធ្វើដំណើរទៅតាមផ្លូវ រៀងៗខ្លួន។ ទាំងខ្ញុំ ទាំងរ៉ានី គឺមិន​បាន​បង្ហាញ​កាយវិការណាមួយខុសពីការធ្លាប់ជួបស្គាល់គ្នាពីមុននោះទេ។
នៅខែ សីហា ឆ្នាំ១៩៧៤ ខ្ញុំត្រូវស្វែងយល់ឱយបានទាំងពីខាងថ្នាក់ដឹកនាំរបស់ខ្ញុំ ទាំងពីខាងរ៉ានី ដោយខ្ញុំ​បានធ្វើ​សំណើរ​សុំរៀបការ​ជាមួយរ៉ានី ។ ចម្លើយដែលខ្ញុំទទួលបានពីមេបញ្ជាការរបស់ខ្ញុំគឺយល់ព្រម តែត្រូវរង់​ចាំ​រំដោះ​ប្រទេស​ពី​របប​លន់នល់​អោយហើយសិន។ ឯចម្លើយពីរ៉ានីគឺឆ្លើយតបតាមអ្នកនាំពាក្យគាត់ថាស្រេចលើម៉ែឪ។ ចម្លើយ​ទាំង២​នេះផ្តល់​កម្លាំង​ចិត្តយ៉ាងខ្លាំងសំរាប់ខ្ញុំ។ ស្ត្រីខ្មែរ៩៨ភាគរយហើយដែលឆ្លើយថាស្រេចលើម៉ែឪ ឬចាស់ទុំ គឺមានន័យ​ថាយល់​ព្រម​ហើយ។
នៅខែ តុលា ឆ្នាំ១៩៧៤ ខ្ញុំបានជួបរ៉ានីដោយចៃដន្យបំផុតនៅផ្សារពាមជីលាំង។ តែជាអកុសល​ដោយសារ​មិត្តខ្ញុំម្នាក់​ស្រវឹងស្រាហើយហៅរ៉ានីថាសោ (បងថ្លៃ)។ រ៉ានីមិនខឹងទេ តែធ្វើដូចមិនឮ។ តែសំរាប់ខ្ញុំគឺខ្ញុំខ្មាស់រ៉ានី ដូចនេះ​ខ្ញុំត្រូវ​យក​កង់ជិះ​ឌុបមិត្តខ្ញុំម្នាក់នេះចេញទៅផ្ទះមួយទៀតចម្ងាយប្រហែល៥០០ម៉ែត្រពីផ្សារទាំងកណ្តាលភ្លៀង ធ្លាក់។ ទុក​មិត្ត​ខ្ញុំរួច​ហើយខ្ញុំជិះកង់កាត់ភ្លៀងមករករ៉ានីវិញ។ តែគួរឱ្យហួសចិត្តរថយន្តដឹកក្រុមគ្រូពេទ្យបានចេញទៅបាត់អស់ហើយ។
ចាប់​តាំងពីពេលនោះមករហូតខ្ញុំធ្លាក់ខ្លួនពិការ ខ្ញុំមិនដែលបានជួបរ៉ានីទៀតទេ ទោះបីមានឱកាសក៏ដោយ។ នៅថ្ងៃទី ១ ខែ មករា ឆ្នាំ១៩៧៥ ខ្ញុំក៏ត្រូវរបួសស្មាដែលជារបួសលើកទី៤របស់ខ្ញុំ។ ពេលនោះ​ខ្ញុំគិតថា​នឹងបាន​រ៉ានីមើល​ថែព្យាបាល​របួស​ឱ្យខ្ញុំ។ តែផ្ទុយទៅវិញមន្ទីរពរទ្យសមរភូមិមុខបានរៀបចំវះយកអំបែងគ្រាប់ចេញ និងបន្ត​ព្យាបាល​នៅមន្ទីរ​ពេទ្យ​ដែលមាន​ទីតាំង​នៅឃុំបឹងព្រួលស្រុកពាមជីលាំង។
នៅព្រឹកថ្ងៃ១៦ ខែមេសា ឆ្នាំ១៩៧៥ ខ្ញុំត្រូវរបួសធ្ងន់ សន្លប់រហូតដល់ថ្ងៃទី ២១ ខែ មេសា ទើបបានដឹងខ្លួនឡើងវិញ។ នៅពេលដឹងខ្លួនគឺភ្នែកឆ្វេងរបស់ខ្ញុំបានខ្វាក់បាត់ទៅហើយ ឯភ្នែកស្តាំមើលបានប្រវែងប្រហែល១០ម៉ែត្រតែប៉ុណ្ណោះ។ នៅពេលនោះខ្ញុំក៏បានដឹងថា ភ្នំពេញនិងប្រទេសទាំងមូលត្រូវបានរំដោះពីរបបបរិវារអាមេរិក។ ពាក្យ​ស្រឡាញ់​និងថែទាំ​ដូច​កែវភ្នែកសំរាប់ខ្ញុំ គឺនិយាយលែងបានហើយ ព្រោះខ្ញុំបានបាត់បង់កែវភ្នែកខ្លួនឯងរួចទៅហើយ។
តែប៉ុន្មាន​​ថ្ងៃប៉ុណ្ណោះ ពិភពលោកបានប្រែប្រួលអស់ ប្រជាជនត្រូវជំលៀសចេញពីទីក្រុង ធ្វើដំណើរអត់បាយអត់ទឹក។ ខ្លួន​ឯង​ផ្ទាល់ក្លាយជាជនពិការ ហើយអ្វីដែលឈឺចាប់បំផុតគឺព័ត៌មានដែលថារ៉ានី បាន​រៀបការ​រួចហើយ​ជាមួយ​កម្មាភិបាល​មកពីភូមិភាគ។ ខ្ញុំខឹងរ៉ានី ខ្លាំងណាស់ ខ្ញុំដៀលនាងទាំងនិយាយខ្លាំងៗទាំងក្នុងចិត្តដៀលសព្វគ្រប់ទាំងអស់តាមចិត្តខ្ញុំចង់។ នេះជាកំហុសរបស់ខ្ញុំដែលទទួលព័ត៌មានខុស តែខ្ញុំលែងហ៊ានស្រឡាញ់រ៉ានី ទៀតហើយ ម្យ៉ាងគឺ​ខ្ញុំបានធ្វើ​ជ្រុលជ្រួស​លើ​នាង ប្រមាថមាក់ងាយនាង និងម្យ៉ាងទៀតខ្ញុំមិនចង់នាំការលំបាកឱ្យនាងដោយសារពិការភាពរបស់ខ្ញុំទេ ហើយអ្វី​ដែល​សំខាន់​ជាងនេះទៅទៀតនោះ តើរ៉ានីស្រឡាញ់ខ្ញុំ ព្រមយកខ្ញុំជាស្វាមីឬទេ? ព្រោះខ្ញុំ​បានធ្លាក់​ខ្លួនពិការ​បាត់បង់​សម្រស់​ពីធម្មជាតិ​ទៅហើយ។
មន្ទីរពេទ្យ​សមរភូមិបានបញ្ជូនរូបខ្ញុំទៅកាន់មន្ទីរពេទ្យភូមិភាគ ដែលស្ថិតនៅ ឃុំ រកាខ្នុរ ដែលមាន​ចម្ងាយ​ប្រមាណ​៦០០​ម៉ែត្រ ពីផ្ទះដែលជាភូមិកំណើតរបស់រ៉ានី។ ពេលនោះរ៉ានី បានផ្លាស់ពីមន្ទីរពេទ្យស្រុក ដែលមានទីតាំងនៅឃុំក្រូចឆ្មា ទៅធ្វើជាប្រធានមន្ទីរពេទ្យស្រុកមួយកន្លែងទៀតនៅ ឃុំឈូក ស្រុកក្រូចឆ្មា។ ក្នុងអំឡុងខែ កក្កដា ឆ្នាំ១៩៧៥ ប្រហែល​ជាម៉ោង ៣:00 រសៀល ខ្ញុំហាក់ដូចសុបិន្តទាំងថ្ងៃ ដោយបានឃើញរ៉ានី ទៅកាន់មន្ទីរពេទ្យដើម្បីសួរសុខទុក្ខខ្ញុំ ដោយ​មា​នមាន់៣ក្បាលផ្ញើរឱយខ្ញុំផង។ រ៉ានីបានសួរនាំពីអាការៈរបួស និង ជម្ងឺរបស់ខ្ញុំ ដោយសំដីទន់ភ្លន់និងការលើកទឹកចិត្ត។ ពេលរ៉ានីលាត្រឡប់មកវិញ ខ្ញុំបានជូនដំណើរដល់ផ្លូវ ខ្ញុំគិតថារ៉ានីមិនប្រកាន់ខឹងនិង ខ្ញុំទេ ហើយក៏​មិនស្អប់​ខ្ពើម​នូវជន​ពិការដូចខ្ញុំនេះដែរ។
ខ្ញុំត្រូវប្រឹង​ប្រែងសារជាថ្មី សំរាប់ខ្ញុំ និង រ៉ានី ព្រមទាំងឪពុកម្តាយរ៉ានី មិនមានអ្វីជាឧបសគ្គទេ។ តែអង្គការ​ទើបជា​ឧបសគ្គ​ពិត​ប្រាកដ។ នៅពេលនោះរ៉ានីត្រូវអង្គការបង្ខំឱ្យរៀបការជាមួយបុរសផ្សេង តែនាងប្រកែកដាច់ខាត។រីឯរូបខ្ញំ ក៏ត្រូវ​អង្គ​ការ​ផ្សំផ្គុំជាមួយនារីផ្សេង តែខ្ញុំក៏ប្រកែកដែរ។ ខ្ញុំត្រូវ​លើក​សំណើរ​សុំរៀបការ​ជាមួយរ៉ានី​សារជាថ្មី​ទៅកាន់​ប្រធាន​យោធា​តំបន់។ នៅពេលនោះប្រធានយោធាតំបន់បានធ្វើលិខិតមួយឱ្យខ្ញុំយកទៅជួបគណះស្រុកក្រូចឆ្មា។ នៅក្នងអំឡុង ខែ តុលា ឆ្នាំ ១៩៧៥ ទាំងតំបន់ទាំងស្រុក ទាំងរ៉ានី ដែលជាសាម៉ីខ្លួនយល់ព្រមអស់ហើយរង់ចាំតែថ្ងៃរៀបការប៉ុណ្ណោះ។ ទាំងមុន​ពេល​រង់ចាំនិងពេលកំពុងរង់ចាំទាំងខ្ញុំ និងទាំង រ៉ានី គឺត្រូវប្រឈមនឹងការលំបាកខ្លាំងណាស់។ ការប្រកែក​មិនព្រម​រៀបការ​តាមការរៀបចំរបស់អង្គការអាចគ្រោះថ្នាក់ដល់ជីវិត។ រីឯរូបខ្ញុំក្រៅពីព្យាបាលរបួស ការងារ​សំខាន់​របស់​ខ្ញុំគឺរៀប​ចំកម្លាំង​សម្ងាត់​ដើម្បីវាយអង្គការ ដែលបាននឹងកំពុងកាប់សម្លាប់ប្រជាជន ទោះពេលនោះមិនទាន់ធ្ងន់ធ្ងរក្តី។
នៅថ្ងៃទី ២ ខែ មករា ឆ្នាំ១៩៧៦ ខ្ញុំត្រូវបានកោះហៅពីទីបញ្ជាការកងវរសេនាធំដែលបោះទីតាំងនៅភូមិកោះថ្មរ ឃុំ ទន្លូង ស្រុក ត្រមូង នាពេលនោះ និងជា​ស្រុកមេមត់​នាពេល​បច្ចុប្បន្ន​ដើម្បីមក​ជួបជុំនៅ​មន្ទីរតំបន់​ដែលមាន​ទីតាំងនៅ​ស្រុកតំបែរ​ដើម្បីរៀបការនៅថ្ងៃទី៣ ខែមក​រា។ នៅពេលនោះ ខ្ញុំពិតជាមានចម្ងល់យ៉ាងខ្លាំង តើគេរៀបការរបៀប​ម៉េច?
មក​​ដល់មន្ទីរតំបន់ រ៉ានីនៅស្រុកក្រូចឆ្មាឯណោះ ហើយមិនទាន់បានទទួលដំណឹងអំពីការរៀបការនៅឡើយ។ ថ្នាក់​លើនៅ​ចិត្ត​ធម៌គ្រាន់បើ ដោយសុខចិត្តពន្យារពេលរៀបការពីថ្ងៃទី ៣ មករា ទៅថ្ងៃទី ៥ ខែ មករាវិញ និង​ចាត់ឱ្យ​ប្រធាន​មន្ទីរ​តំបន់​ទៅ​ទទួល​យករ៉ានី ពីស្រុកក្រូចឆ្មាមកកាន់ស្រុកតំបែរ។ រ៉ានីអត់បានផ្តាំផ្ញើអ្វីទៅឪពុកម្តាយ បងប្អូន​ហើយក៏គ្មាន​មិត្តភ័ក្រ​មក​កំដរ​ដែរ គឺក្បាលតែមួយត្រម៉ង់ត្រម៉ោចម្នាក់ឯង។ រីឯចំណែករូបខ្ញុំវិញក៏មិនមានឪពុកម្តាយ ឬបងប្អូន​ចូលរួម​រៀបការ​ដូចរ៉ានី​ដែរ គឺក្បាលតែ២នាក់ប្តីប្រពន្ទ។ តែខ្ញុំគ្រាន់បើជាងរ៉ានីបន្តិច ដោយមាន​មិត្តរួមអាវុធ​ត្រូវបាន​គណៈតំបន់​អញ្ជើញ​ឱ្យមក​ចូលរួមជាភ្ញៀវ។ រ៉ានីបានមកដល់ស្រុកតំបែរនៅល្ងាចថ្ងៃ៣មករា។ នៅថ្ងៃទី ៤ ខែ មករា ខ្ញុំប្រញ៉ាប់ទៅជួបរ៉ានី។ នៅពេលនោះរ៉ានីកំពុងស្ថិតនៅជុំគ្នាជាមួយនារី១២នាក់ផ្សេងទៀត និងយុទ្ឋជនពិការ១២នាក់ដែរ។ ពេលនោះ​ហើយ​ទើប​ខ្ញុំ​ដឹងថាការរៀបការត្រូវធ្វើជាមួយគ្នាជាក្រុមក្នុងពេលតែមួយគឺមានចំនួន ១៣គូ ។ ចំពោះគូខ្ញុំគឺមានលេខរៀងទី១៣។ នៅល្ងាចថ្ងៃទី ៤ ខែ មករា ឆ្នាំ ១៩៧៦ខ្ញុំត្រូវចេញដំណើររួមគ្នាទាំងហ្វូងពីមន្ទីរតំបន់នៅស្រុកតំបែរមកកាន់ ភូមិច្រាប នៃ​ស្រុកត្បូងឃ្មុំ ដែលជាកន្លែងត្រូវរៀបការ។ នៅថ្ងៃទី ៥ ខែ មករាឆ្នាំ១៩៧៦ ត្រូវនិង ថ្ងៃច័ន្ទ ៤ កើត ខែបុស្ស ឆ្នាំ រោង អដ្ឋស័ក ពុទ្ឋសករាជ ២៥១៩ គឺជាថ្ងៃដែលខ្ញុំនិងភរិយាខ្ញុំបានរៀបការជាមួយបងប្អូន១២គូរផ្សេងទៀត ដែលមានខ្ញុំ និង​ភរិយា​ខ្ញុំជា​គូរទី១៣។ នៅម៉ោងប្រមាណ ៨:00 ព្រឹក ពិធីបានចាប់ផ្តើមជាមួយគណៈអធិបតី១រូប គណៈចាត់តាំង១រូប។ ឯកូន​ក្រមុំ​មាន ១៣ រូប អង្គុយនៅកៅអីជួរមុខ និង កូនកម្លោះ១៣រូប អង្គុយនៅពីក្រោយកូនក្រមុំដែលជាគូរបស់ខ្លួន។ សូម​កុំច្រឡំ​កៅអី​ដែលយើងអង្គុយមិនមែនជាកៅអីធម្មតាទេ តែជាកៅអីក្មេង​រៀនដែល​យកមក​តម្រៀប​ឱ្យកូនកម្លោះ​កូនក្រមុំ​អង្គុយ​ក្នុងពេល​រៀបការ។ ជាការចាប់ផ្តើមគណៈចាត់តាំងបានឱ្យមនុស្ស១នាក់អានប្រវត្តិរូបខាងស្រី និង ខាងប្រុស​ម្នាក់ម្ដងៗ​ទាំង២៦នាក់។ ខ្ញុំបានត្រឹមតែមើលខ្នង និង ករ៉ានី ពីក្រោយ​ដែលក្នុងចិត្ត​អាណិត​អនាគត​ភរិយា​ដែលមិន​គួរលះបង់ម​ក​យក​ខ្ញុំជាជនពិការ មករៀបការអត់ឪពុកម្តាយ អត់បងប្​អូនសាច់ញាតិបែបនេះសោះ។ ចំពោះ​រូបខ្ញុំក៏​តូចចិត្ត​អាណិត​ខ្លួនឯង អាណិតដល់គូផ្សេងទៀត ដែលពិការធ្ងន់ធ្ងរជាងខ្ញុំទៅទៀត។ ហើយគូប្តី​ប្រពន្ឋរបស់​ពួកគេត្រូវ​អង្គការផ្សំ​ផ្គុំឱ្​យខុស​ពីគូខ្ញុំដែលបានស្ដីដណ្តឹងមុននឹងមានចិត្តស្រឡាញ់គ្នាមុនរៀបការថ្ងៃនេះ។ កម្មវិធីបានចាប់ផ្តើម បន្ទាប់​ពីអាន​ប្រវត្​តិរូប​ចប់ គឺដល់កម្មវិធីដែលគណះអធិបតីយសួរសំណួរមកកាន់កូនក្រមុំ និងកូន​កម្លោះ​ឱ្យឆ្លើយ​មួយគូ​ម្ដងៗ ដោយ​សួរ​កូន​ក្រមុំមុននិងសួរកូនកម្លោះជាក្រោយ។ ១២គូឆ្លើយចប់ដល់វេនខ្ញុំជាគូទី១៣ រ៉ានី ឆ្លើយ​សំណួរបាន​យ៉ាងល្អ​ទាំង២​សំណួរ​។ ក្នុងចំណោម ១២ គូមុន គឺតែ១សំណួរម្នាក់ប៉ុណ្ណោះគឺដល់ រ៉ានី២ សំណួរ។ ចំណែកខ្ញុំឡើងដល់៣សំណួរ។ សំណួរ​​ដែល​ខ្ញុំ​ចង​ចាំជាងគេគឺ (តើសមមិត្តមានលទ្ឋភាពកសាងភរិយាឱ្យក្លាយទៅជាវណ្ណៈអធន វណ្ណៈ​កម្មាជីព​បាន​ឬទេ?​)​​។ នេះ​ជា​សំណួរ​តម្រង់ទៅរក រ៉ានី ដែលមានស្បែកស និងជាគ្រួសារអ្នកធូរធារដែលរស់តាមដងទន្លេមេគង្គ។ បន្ទាប់​ពី​សួរ​សំណួរ​សាម៉ីខ្លួនទាំង២៦រូបចប់ហើយ គណៈអធិបតីក៏​បានសួរទៅ​ចាស់ទុំដែល​បានអញ្ជើញ​ចូលរួម​ដែលអ្នក​សួរហៅ​ថាសាក្សី។ ចាស់ទុំ២នាក់បានឡើងនិយាយក្នុងនោះមាន លោកបង ជុំ ហ៊ល អតីតមេបញ្ជការខ្ញុំ ឡើងនិយាយ​ដោយប្រើ​ពាក្យថា​សមរម្យ​ហើយ និងបានជូនពរដល់ពួកយើង។ (លោក ជុំ ហ៊ល ក្រោយឆ្នាំ១៩៧៩ ធ្វើជាអភិបាល​ក្រុងព្រះសីហនុ​រហូត​ឆ្នាំ១៩៩៣ ទើបចូលនិវត្តន៏ និង ទទួលមរណៈភាពនៅឆ្នាំ ២០១៤)។
នៅម៉ោង​ប្រមាណ ២:00 រសៀល កម្មវិធីមិនទាន់បញ្ចប់ទេ។ ពួកយើងឃ្លានបាយ ស្រេក​ទឹកតែមិន​ហ៊ាន​មាត់ករអ្វី​ទាំងអស់​។ ​ម្តងនេះដល់វេនគណៈអធិបតីស្រោចទឹកនិងឱ្យពរជ័យ ដោយផ្តើម​ពីទស្សនៈ​សភាពការណ៌​ដែលរៀបរាប់​ពីសភាព​ការណ៍​ពិភពលោក សភាពការណ៍តំបន់ និងអន្តរជាតិ ដោយ​ជេរពួកសេរីនិយម សូវៀត និងវៀតណាមមួយឆ្អែត ទើបចូល​មកសភាពការណ៍​កម្ពុជាដែលផ្តោត​ធំលើការងារ​នយោបាយ សតិអារម្មណ៌ ការវាយ​កំទេច​គាស់​រំលើង​វណ្ណៈជិះជាន់ កំចាត់​ចោលកម្មសិទ្ឋិសួនតួទាំងទ្រព្យសម្បតិ្ត ទាំង​មនោសញ្ចតនា បោសសំអាតពួកខ្មាំងបង្កប់ស៊ីរូងផ្ទៃក្នុង…។ល។ ច្រើន​ណាស់​ចាំមិនអស់​ទេនូវពាក្យ​បណ្តាសារ​របស់របស់​ប្រធាន​គណៈ​អធិបតី​ដែលប្រើពេលជាង១ម៉ោង។ ពិធី​ផ្សំផ្គំ​ត្រូវ​បាន​បញ្ចប់​នៅម៉ោង ៣ និង៣០នាទីល្ងាច ដោយ​ប្រើពេល​៧ម៉ោង​កន្លះ និង ដោយគ្មានឈប់សម្រាក។
នៅ​ម៉ោង​​ប្រហែលជា៤:00 ល្ងាច យើងហូបបាយជុំគ្នាទាំងប្តីប្រពន្ឋ ទាំងភ្ញៀវចូលរួម ដោយអង្គុយបាយលើស្ពក។
រ៉ានី បានក្លាយជាភរិយាខ្ញុំជាផ្លូវការហើយ តែខ្ញុំនៅតែមិនទាន់ហ៊ាននិយាយរកនាងនៅឡើយ។ នៅពេលបាយ រ៉ានី បាន​ដួស​បាយឱ្យខ្ញុំ និងជួយដួសបាយឱយយុទ្ឋជនពិការដៃម្នាក់ទៀត ព្រោះប្រពន្ឋគាត់នៅអៀន។ កំពុងតែហូបបាយ មាន​កម្មា​ភិបាលតំបន់មកប្រាប់ពីផ្ទះដែលគូនីមួយៗត្រូវសម្រាក។ ចំពោះអ្នកពិការជើងគឺនៅផ្ទះផ្ទាល់ដី រីឯអ្នក​មិន​ពិការ​ជើងគឺ​នៅ​ផ្ទះខ្ពស់។ ហូបបាយរួចខ្ញុំប្រាប់ប្រពន្ឋខ្ញុំថា ខ្ញុំទៅយកបាឡូទៅផ្ទះសម្រាកមុន សុំទៅយក អីវ៉ាន់ទៅតាមក្រោយ។ ប្រពន្ធ​ឆ្លើយ​ថា ចាស៎។ អត់ទាន់ហ៊ាននិយាយពាក្យ បង អូននៅឡើយ។ នេះមិនមែនជាព្រះថោងតោងស្បៃទេ តែជា​ព្រះថោង​ស្វែង​រកផ្ទះនៅក្រោយពេលរៀបការ។
ស្ត្រីម្ចាស់ផ្ទះ​ដែលខ្ញុំត្រូវសម្រាកបានទទួលខ្ញុំដោយរាក់ទាក់ហើយប្រាប់ខ្ញុំថា ផ្ទះនេះគាត់មិនបាននៅតាំងពីឆ្នាំ១៩៧១ មក​ម៉្លេះព្រោះខ្លាចអាមេរិកទម្លាក់គ្រាប់បែក។ តែផ្ទះនេះអុំសំអាតប៉ុន្មានថ្ងៃមកហើយ ព្រោះ​ប្រធាន​ភូមិមក​ខ្ចីសំរាប់​ឱ្យក្មួយៗ​ទើប​រៀបការសម្រាក។ ខ្ញុំក៏សួរទៅគាត់វិញថា តើអុំនៅឯណា? គាត់ចង្អុល​ទៅផ្ទះតូច​ក្បែរនោះ​នៅផ្ទាល់​ដីមាន​ទាំងលេណ​ដ្ឋានការពារ​ផង។ នៅពេលខ្ញុំកំពុងនិយាយ ស្រាប់តែឃើញប្តីប្រពន្ឋគូ ទី១២ បណ្តើរគ្នាមកដល់ ខ្ញុំសួរថា ហែម និង វណ្ណា សម្រាកនៅផ្ទះណា? គាត់ឆ្លើយថាផ្ទះណឹងដែរ។ ខ្ញុំពិតជាហួសចិត្តផ្ទះតូចមួយផ្សំដំណេកដល់ទៅ២គូរ (គូរទី១២ ប្តីឈ្មោះ ហែម និង ប្រពន្ទឈ្មោះ វណ្ណា)។ យើងឡើងទៅលើផ្ទះទាំងអស់គ្នា។ នៅលើផ្ទះមានគ្រែមួយ មានមុង តែគ្មានវាំងននទេ។ ហែមប្រាប់ខ្ញុំថា បងសែន ឯងសម្រាកលើគ្រែចុះ ឯខ្ញុំចងវាំងនននៅក្បែរទ្វារ។ ខ្ញុំសួរគាត់វិញថាបានវាំងននពីណាមក? ហែមឆ្លើយថា អង្គការចែកឱ្យតាំងពីនៅមន្ទីរតំបន់ចុះបងឯងអត់ទាន់បានទទួលទេឬអី? ខ្ញុំគ្រវីក្បាលនិងឆ្លើយថាអត់ទេ។ ហែមក៏ជួយប្រាប់ទៅអ្នកទទួលខុសត្រូវដើម្បីសុំវាំងននឱយខ្ញុំ។
ខ្ញុំរង់ចាំ​ប្រពន្ឋខ្ញុំតែមិនឃើញមកសោះ ដោយសារនាងនៅជាប់និយាយលេងជាមួយម្ចាស់ផ្ទះដែលនាងសម្រាកកាលពីយប់មិញ។ ខ្ញុំងូតទឹក​មុន​និងបាន​រៀបចំ​​កន្លែង​សម្រាកឱ្យហើយ។ ពេលនេះខ្ញុំបានដោះសម្លៀកបំពាក់ខ្មៅ ស្លៀកឯកសណ្ឋានកងទ័ពវិញហើយ។ សុំបញ្ជាក់​ថា​ពេល​ស្ថិតនៅក្នុងពិធី គេតម្រូវឱយកូនកម្លោះស្លៀកខោខ្មៅ ពាក់អាវខ្មៅដៃវែង រីឯកូន​ក្រមុំ​ស្លៀក​សំពត់​ខ្មៅ​និងពាក់​អាវខ្មៅ​ដៃវែង គឺមិនអនុញ្ញាតឱយស្លៀកពាក់ខុសពីនេះឡើយ។ ភរិយាខ្ញុំ និងរូប​ខ្ញុំមិនបាន​ទទួលអ្​វីផ្សេង​ក្រៅពី​របស់របរ​ផ្ទល់​ខ្លួន​ដែលធ្លាប់មាននោះទេ ក្រោយពីបានរៀបការរួចហើយ។ អ្វីដែលខ្ញុំទទួលបានគឺរូបរ៉ានី និងអ្វីដែលរ៉ានីបានទទួលគឺរូបខ្ញុំ។ យើង​មិនចង់បានអ្វីខុសពីនេះឡើយ។ ក្បែរក្បាលព្រលប់ខ្ញុំឃើញរ៉ានីឱបបាឡូមកដល់ ខ្ញុំក៏ទៅ​ទទួលយក​បាឡូពីនាង​ឡើង​លើ​ផ្ទះ។ រ៉ានីបានសួរខ្ញុំថា បងមានក្រមាទេ ខ្ញុំសុំខ្ចីផ្លាស់មុជទឹក។ ខ្ញុំថាមាន ក្រមាខ្ញុំទទឹកស្រាប់ ខ្ញុំក៏ដើរ​ទៅយក​ក្រមាឱ្យ​ប្រពន្ឋជាទី​ស្រឡាញ់របស់ខ្ញុំដែលទើបហៅខ្ញុំថា “បង” ដែលពាក្យនេះខ្ញុំរង់ចាំជាយូរមកហើយ។
អំពើ​របស់អង្គការថ្ងៃនេះក៏ជាផ្នែកដ៏សំខាន់មួយទៀតជំរុញលើកទឹកចិត្តឱ្យខ្ញុំតស៊ូដើម្បីផ្តួលរំលំរបបអត់ប្រពៃណី និង គ្មានសាសនានេះ។ ថ្ងៃនេះវានិយាយពីបោសសំអាតពួកបង្កប់ស៊ីរូងផ្ទៃក្នុង វានិយាយ​ត្រូវព្រោះ​ខ្ញុំជាមេ​ពួកបង្កប់​នេះតែ​ម្តង។ ងាកមកនិយាយពីភរិយាខ្ញុំវិញ ខ្ញុំអាណិតនាងណាស់ មិនគួរមករងកម្មជាមួយមនុស្សពិការដូចរូបខ្ញុំនេះទេ មក​រៀបការ​ដោយគ្មានឪពុកម្តាយ និងបងប្អូនញាតិមិត្តកំដរ។ ការអាណិតធ្វើឱយខ្ញុំយល់ពីនាងកាន់តែច្បាស់ថា នាង​ទទួល​យកខ្ញុំដោយសុទ្ឋចិត្តមិនប្រកាន់រើសអើងចំពោះជនពិការឡើយ។ ឆ្លងផុតរាត្រីផ្សំដំណេក ៥ មករា ១៩៧៦ លុះព្រឹក​ឡើងមន្ទីរយោធាតំបន់បានយករឺម៉កម៉ូតូមកដឹកពួកយើងទៅអង្គភាពវិញ។ យើងអត់​បានទទួល​ទាន​អ្វីទាំងអស់​ក៏នាំគ្នា​ចេញដំណើរទៅ។ អ្នករួមដំណើរមាន ប្តីប្រពន្ឋខ្ញុំ២នាក់ គូទី១២ ហែម និង វណ្ណា២នាក់ ជំនួយ​ការសេនា​ធិការ​យោធា​តំបន់ឈ្មោះ សុជាតិ ១នាក់ និងអ្នកជិះ​ម៉ូតូ​ជាប្រធាន​មន្ទីរ​យោធា​តំបន់​ឈ្មោះ​ស៊ីថា។ ចេញ​ពីភូមិច្រាប មិនបាន​ប៉ុន្មានផងម៉ូតូក៏វាបែកកង់ ពួកយើងប្រឹងរុញទាំងម៉ូតូទាំងរឺម៉កមកប៉ះកង់នៅផ្សារសួង ទំរាំរក​កន្លែងប៉ះកង់បាន និង​ប៉ះ​កង់រួចគឺម៉ោងប្រហែល ១១:00 ថ្ងៃត្រង់ទៅហើយ។ ពួកយើងមិនខ្វល់ពីការឃ្លានទេ គឺត្រូវរូ​តរះ​ចេញ​ដំណើរ​ភ្លាម​ដើម្បី​ទៅដល់ទីបញ្ជាការយោធាតំបន់ដែលបោះទីតាំងនៅចំការដូង ភូមិសំរោង ឃុំដារ ស្រុកមេមត់ ខេត្តកំពង់ចាម ។
កំណាត់ផ្លូវជាតិលេខ៧ កាលពីពេលនោះគឺខូចខាតស្ទើរអស់ហើយមិនអាចធ្វើដំណើរបានលឿនទេ។ យើង​ចេញ​ពីផ្សារ​សួង បានមិនទាន់ដល់១០គីឡូម៉ែត្រផង កង់រឺម៉កខាងក៏ឆ្វេងធ្លាយទៀត តែយើង​អាចនៅ​សប់​បញ្ចូលខ្សល់​ធ្វើ​ដំណើរ​បាន។ ដំបូងសប់១ដងអាចធ្វើដំណើរបានប្រហែល១គីឡូម៉ែត្រ ជាបន្តបន្ទាប់សប់បញ្ចូលខ្យល់លែងចូល។ ខ្ញុំប្រាប់​ស៊ីថា និង​សុជាតិ ដែលអ្នក​ទាំង២នាក់​សុទ្ឋតែជា​អតីតយុទ្ឋជន និងកូន​សិស្សខ្ញុំលើការងារផែនទីថា ទុករឺម៉កផ្ញើប្រជាជននៅទីនេះ ស៊ីថា និងសុជាតិប្រញ៉ាប់ជិះម៉ូតូទៅចំការដូងយកកង់ម៉ូតូមកដូរ បើមិនទាន់យប់នេះទេចាំស្អែកចាំមកវិញ។ ឯពួក​ខ្ញុំដើរ​ទៅ​មុខ​បន្តិចទៀតចាំសុំអ្នកភូមិសម្រាកមួយយប់សិន។ រុញរឺម៉កមកដាក់ទុកតាមភ្លឺស្រែរួចហើយ ស៊ីថា និង សុជាតិ​ក៏ជិះ​ម៉ូតូ​ចេញ​ទៅបាត់។ រីឯពួកខ្ញុំ៤នាក់ធ្វើដំណើរដោយថ្មើរជើងទៅដល់ភូមិតាហៀវ ស្រុក ពញ្ញាក្រែក ដែល​នៅ​ជាប់​ផ្លូវ​លេខ​៧ ហើយ​ចូលទៅក្នុងភូមិនោះដើម្បីសុំសម្រាក។ លោក​ពូអ្នកម៉ីង​ម្ចាស់ផ្ទះ​ទទួល​ពួកយើង​រាក់ទាក់​ខ្លាំងណាស់ តែគាត់​មិនទាន់​ហ៊ាន​ឱ្យ​យើងសម្រាកទេ គឺរង់ចាំ​សុំការ​អនុញ្ញាត​ពីប្រធានភូមិសិន។ ខ្ញុំក៏មិន​បានប្រាប់​ពួកគាត់​ថាខ្ញុំជា​មេបញ្ជា​ការ​កងទព័​ដែរ កាំភ្លើងខ្លីរបស់​ខ្ញុំសៀត​នៅ​ចង្កេះ​មើលមិនឃើញទេ។ យើងត្រូវ​រង់ចាំព្រោះ​ប្រធាន​ភូមិទៅ​បោកស្រូវ​មិនទាន់​ត្រឡប់មក​វិញ។ នៅពេលប្រធានភូមិមកដល់មេឃក៏ចាប់ផ្តើមងងិតហើយ គាត់ជួយ​ពួកយើង​ភ្លាម​ដោយ​ឱ្យអង្ករ​៤កំប៉ុង​មកម្ចាស់​ផ្ទះដាំឱ្យ​យើងទទួលទាន។ តាំងពីព្រលឹមរហូតយប់ប្រហែល១៣ម៉ោង ទើបយើងបានហូបបាយ។ ហើយ​បើគិតពី​ពេល​​បាយ​​នៅរៀបការពីម៉ោង៤ល្ងាចថ្ងៃ៥ មករា រហូតម៉ោង៨យប់ថ្ងៃ ៦ មករានេះមានរយះពេល២៨ម៉ោង ទើប​យើងបាន​បាយ។ ខ្ញុំស្រក់ទឹកភ្នែកអាណិតប្រពន្ឋខ្ញុំខ្លាំងណាស់ តែទឹកភ្នែកនេះមិនឱ្យប្រពន្ឋខ្ញុំដឹងទេ។

1919224_931669266881571_3076831947584133307_n 10152470_931669426881555_7590124046245671244_n 10367815_931669303548234_3561185718573052568_n 10447108_931669493548215_3724940185972394128_n
ពេលយប់ម្ចាស់ផ្ចះរៀបចំឱ្យពួកខ្ញុំដេកប្រុសដោយប្រុស ស្រីដោយស្រី ខ្ញុំបានសុំម្ចាស់ផ្ទះដើម្បីបានដេកជាមួយភរិយាខ្ញុំ រីឯ ហៀម ជាមួយប្រពន្ឋគេ តែម្ចាស់​ផ្ទះបានឆ្លើយ​តប​ដោយការ​សុំទោស​ព្រោះខ្លាច​ក្មួយៗ​ជម្រត់​គ្នាមិន​មែន​ជាប្តីប្រពន្ឋ​ពិត​ប្រាកដ។ ពួកខ្ញុំគ្មាន​ជំរើស​អ្វីក្រៅ​តែពីទទួលយកតាមការរៀបចំរបស់ម្ចាស់ផ្ទះ ដើម្បីកុំឱ្យគាត់លំបាកដោយសារយើង។ ពេល​ព្រឹកឡើង​ម៉ូតូបាន​មកទទួល​យើងទៅកាន់ទីបញ្ជាការយោធាតំបន់ ខ្ញុំត្រូវ​បំពេញ​កិច្ចការ​តាំងពី​ពេលទៅ​ដល់​រហូត​ពេល​យប់ តែនៅ​ទីនេះ​មិនមានបញ្ហាអ្វីទេ។ ប្រធានយោធាតំបន់ឈ្មោះ អួង ឯក មានអធ្យាស្រ័យល្អ។ នេះជា​រាត្រីទី៣​ត្រូវនឹងថ្ងៃ ៧ មករា។ ថ្ងៃទី៨មករា ម៉ូតូមន្ទីរយោធាតំបន់បានជូនប្តី ប្រពន្ឋខ្ញុំ​ទៅកាន់ទី​បញ្ជាការ​កងវរសេនា​ធំដែលបោះ​​ទីតាំងនៅភូមិកោះថ្ម ឃុំទង្លូង ស្រុកត្រមូងនាពេលនោះ។ ពេល​ទៅ​ដល់​កម្មាភិបាល និង យុទ្ឋជនដែលធ្លាប់បាន លេង​​ល្បែង​ផ្សំផ្គុំខ្ញុំជាមួយប្រពន្ឋកាលពីឆ្នាំ១៩៧៣ និងដើមឆ្នាំ១៩៧៤ បាននាំគ្នាមកអបអរផង និង បង្អាប់ខ្ញុំផង។
ប្តី​ប្រពន្ឋ​​យើងបានរស់នៅជាមួយគ្នាពីថ្ងៃទី ៨ ខែ មករា បន្ទាប់ពីបានរៀបការនៅថ្ងៃ៥មករា ដែលត្រូវ​ដើរដេក​នៅទីកន្លែង​ខុសៗគ្នា។ ភាពរីករាយមានត្រឹមតែ៤ថ្ងៃប៉ុណ្ណោះសំរាប់ប្តីប្រពន្ឋរបស់ខ្ញុំ។
ថ្ងៃទី១២​ ខែ មករា ឆ្នាំ ១៩៧៦ បទបញ្ជាបន្ទាន់ឱ្យភរិយាខ្ញុំចេញដំណើរទៅមន្នីរពេទ្យដែលមានទីតាំងនៅវត្តពពេល ឃុំ​ពពេល ស្រុកទឹកជ្រៅ នាពេលនោះគឺស្រុកពញ្ញាក្រែក។ នាពេល​នេះហើយ​បន្ទាប់ទៅ​ត្រូវទៅ​លើក​ប្រព័ន្ឋ​ភ្លឺស្រែ​នៅភូមិ​ខ្នារ ស្រុកត្បូងឃ្មុំ។ ទឹកភ្នែកខ្ញុំហូរទៀតហើយ នៅពេល​ដែល​គេដឹកប្រពន្ឋខ្ញុំចេញទៅ សូម្បីតែខ្ញុំជាប្តីក៏គ្មានសិទ្ឋិ និង​ជូនដំណើរ​នាងដែរ។ តើនេះ​ជាចម្លើយ​ដែល​ឆ្លើយ​និងសំណួរ​ដែល​អង្គការ​សួរខ្ញុំថា តើសមមិត្ត​មាន​លទ្ឋភាព​កសាង​ភរិយា​ឱ្យក្លាយ​ជា​វណ្ណៈ​អធន វណ្ណៈកម្មាជីពបានឬទេ?។
អត្ថបទ​​ដែលខ្ញុំសរសេរពេលនេះមិនទាន់ចប់ទេ ខ្ញុំនឹងបន្តសរសេររឿងរ៉ាវដែលទាក់ទងនិងប្រវតិ្តរបស់ខ្ញុំជាបន្តទៀត ដែលនឹងបញ្ចេញតាម Facebook របស់ខ្ញុំ។
សូមរង់ចាំអានបន្ត !

***សូមជនរួមជាតិ ជាពិសេសយុវជន តាមដានរឿងភាគនិទាន “កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៍មី” នៅក្នុងបណ្តុំ Video Clips តាមលេខរៀង (V3D3- V3-D18) ។ សង្ឃឹមថានឹងបានជាប្រយោជន៍ចែកចាយសម្រាប់ការស្វែងយល់បន្ថែមអំពីប្រវត្តិរបស់ខ្ញុំ។

ប្រភពពី៖  https://www.facebook.com/hunsencambodia

***Official Web site: http://www.samdechhunsen.gov.kh/